ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ខណៈដែលកំពុងធ្វើសកម្មភាពលួចបេះផ្លែស្វាយរបស់ពលរដ្ឋ ត្រូវម្ចាស់ចម្ការប្រទះឃើញនាំគ្នាព័ទ្ធចងភ្ជាប់នឹងដើមស្វាយ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យយកទៅចាត់ការតាមផ្លូវច្បាប់។

ករណីចាប់បានចោរលួចបេះផ្លែស្វាយនេះ បានកើតឡើង កាលពីវេលា១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងចំការស្វាយ ស្ថិតក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ។

ជនសង្ស័យជាចោរលួចផ្លែស្វាយនេះ មានឈ្មោះដួង រីដា ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋក្នុងភូមិព្រែក ស្ទើរតែគ្រប់ចម្ការស្វាយបានត្អូញត្អែរថា ផ្លែស្វាយរបស់ពួកគាត់ត្រូវបានចោរលួចជាញឹកញាប់ ដែលប៉ះពាល់ដល់ផលប្រយោជន៍ និងជីវភាពរបស់ពួកគាត់ ប៉ុន្តែគ្មានភ័ស្ថុតាងដាក់បន្ទុកលើមុខសញ្ញាសង្ស័យបានឡើយ។ លុះដល់ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ម្ចាស់ចម្ការស្វាយទាំងអស់បានសហការគ្នាចាំឃ្លាំមើល ក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពលួចបេះផ្លែស្វាយចាប់ពីក្បាលចម្ការរហូតមកដល់ចុងចម្ការ ទើបម្ចាស់ចំការសហការគ្នាព័ទ្ធចាប់ជនសង្ស័យបាន រួចចងស្លាបសេកជាប់នឹងដើមស្វាយដោយមិនបានវាយដំធ្វើទារុណកម្មអ្វីនោះទេ។

ប្រភពបន្តថា បន្ទាប់មកម្ចាស់ចម្ការបានទូរស័ព្ទរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកស្តី។ ក្រោយមកកម្លាំងប៉ុស្តិ៍ព្រែកស្តី សហការជាមួយជំនាញស្រុក ចុះទៅនាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមាន កណ្តៀវដងឈើ១ ,ផ្លែស្វាយប្រមាណជា២០០គីឡូក្រាម ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ដួង រីដា បានសារភាពថាខ្លួនពិតជាបានលួចបេះផ្លែស្វាយពិតប្រាកដមែន ដើម្បីយកទៅលក់យកលុយចាយ។ ដោយឡែក កម្លាំងជំនាញបានធ្វើតេស្តិ៍រកឃើញមានសារធាតុញៀននៅក្នុងខ្លួនទៀតផងដែរ។
ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនគរបាលយុត្តិធម៌បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕