ប៉េរូ៖ កាលពីពេលថ្មីៗនេះ អភិបាលក្រុង Tantara ដែលជាក្រុងតូចមួយស្ថិតនៅភាគខាងត្បូងប្រទេសប៉េរូ ត្រូវបានប៉ូលិសចាប់ខ្លួន និងថ្កោលទោសពីបទមិនគោរពតាមផែនការណ៍ដែលតម្រូវឲ្យបិទមូលដ្ឋានរបស់ខ្លួន មិនឲ្យមានការជួបជុំ ផឹកស៊ីសប្បាយជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ។ មិនត្រឹមតែមិនអនុវត្តប៉ុណ្ណោះទេ អភិបាលក្រុងរូបនេះ ថែមទាំងចូលរួមផឹកស៊ីសប្បាយជាមួយគេឯងថែមទៀតផង ហើយអ្វីដែលហួសចិត្តនោះ ពេលដែលប៉ូលិសចូលទៅឃាត់ខ្លួន លោកអភិបាលក្រុងក៏បានរត់គេខ្លួន តែកាលៈទេសៈមិនអំណោយផលគាត់ក៏បានចូលដេកក្នុងមឈូស ធ្វើពុតជាស្លាប់ ដោយមានទាំងពាក់ម៉ាសផលដែរ ។

អភិបាលក្រុងដែលកំពុងតែចាប់ខ្លួនខាងលើមានឈ្មោះលោក Jamie Rolando Urbina Torres ។ ក្រោយពីមានការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩ រដ្ឋាភិបាលប្រទេសប៉េរូ បានអនុវត្តវិធានការទប់ស្កាត់ ដោយដាក់ប្រទេសក្នុងគ្រាអាសន្ន ហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំ ផឹកស៊ីសប្បាយឡើយ ។ ផ្ទុយទៅវិញសម្រាប់ក្រុង Tantara ដែលមានលោក Jamie Rolando Urbina Torres ជាអភិបាលក្រុង មិនបានអនុវត្តតាមផែនការរបស់រដ្ឋាភិបាលឡើយ ថែមទាំងចូលរួមប្រមូលផ្ដុំ ផឹកស៊ី ជាមួយពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទៀតផង ដូច្នេះហើយ ទើបថ្មីៗនេះ ថ្នាក់លើបានបង្គាប់ឲ្យចាប់ខ្លួនអភិបាលក្រុងឥតបានការរូបនេះ ផ្ដន្តាទោសតាមច្បាប់ ។ ពេលដែលសមត្ថកិច្ចចុះចាប់ខ្លួន លោក Jamie Rolando Urbina Torres ដែលកំពុងស្ថិតនៅក្នុងវង់ផឹកស៊ីនោះ បានភ័យស្លន់ស្លោ រត់ចូលដេកក្នុងមឈូសធ្វើពុតជាស្លាប់ តែយ៉ាងណាមិញមិនអាចបោកប្រាស់ប៉ូលិសបានឡើយ ហើយក៏បានចាប់ខ្លួនទាំងស្ថានភាពកំពុងស្រវឹង ។

ប្រភពពីប្រជាពលរដ្ឋរស់នៅទីក្រុង Tantara បានឲ្យដឹងថា ទីក្រុងតូចនេះបានបិទរយៈពេល ៦៦ថ្ងៃមកហើយ តែរយៈពេល ៨ថ្ងៃបន្ទាប់ពីបិទ ប្រជាពលរដ្ឋមិនបានអនុវត្តតាមផែនការរបស់រដ្ឋាភិបាលឡើយ ហើយថែមទាំងប្រមូលផ្ដុំគ្នាដូចធម្មតា ។ ប្រភពបានបន្តទៀតថា ចំពោះលោកអភិបាលក្រុងវិញ ថែមទាំងរិះគន់ពីចំណាត់ការរបស់រដ្ឋាភិបាលថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យរារាំងអ្នកខាងក្រៅមិនឱ្យចូលក្រុង គឺកាន់តែបង្កភាពតានតឹងទៅវិញ ។

សូមបញ្ជាក់ថា​ គិតមកទល់បច្ចុប្បន្ននេះអត្រាអ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេសប៉េរូ មានសរុបជាង ១០០.០០០ ករណី ក្នុងនោះមានអ្នកស្លាប់​ ៣.០២៤ នាក់ ៕
ប្រភព៖ webtintuc