រាជធានី​ភ្នំពេញ ៖ កន្លង​មក​ក្រសួងសុខាភិបាល ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​បរិភោគ​ត្រី​ក្រពត ដែល​បណ្ដាល​ឲ្យ​ពុល​ស្លាប់ និង​ឈឺ ។ សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ស្រប​ពេល​មាន​ករណី​ពុល​ត្រី​ក្រពត នៅ​តែ​បន្ត​កើតឡើង ទោះបី​ក្រសួង​ធ្លាប់​ធ្វើការ​ណែនាំ​ជា​រឿយ​ៗ​ក្ដី ។

បើ​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធ្វើ​ឡើង​ចាប់ពី​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ គឺ​មាន​ករណី​ពុល​ត្រី​ក្រពត កើតឡើង​ចំនួន ៧ លើក នៅ​ក្នុង​ខេត្ត​ចំនួន​៤ ដូច​ជា​ខេត្តក្រចេះ កោះកុង សៀមរាប ។ នៅ​ខេត្តបន្ទាយមានជ័យ បាន​កើតឡើង​ករណី​ពុល​ត្រី​ក្រពត ជា​លើក​ទី​៣ កាលពី​ថៃ្ង​ទី​១៩ ខែកុម្ភៈ ដែល​បាន​ធ្វើ​ឱ្យ​គ្រួសារ​មួយ​ពុល​ឈឺ​៥​នាក់ និង​ស្លាប់​ម្នាក់ ។

ជាមួយ​គ្នា​នេះ​ដែរ​«​ខ្លោចចិត្ត ! បុរស​២​នាក់​ពុល​ត្រី​ក្រពត​ស្លាប់ សង្គ្រោះ​បាន​៣​នាក់ មាន់​និង​ឆ្កែ​៧​ក្បាល​ទៅ​ស៊ី ក៏​ងាប់​អស់​ទៀត​» វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ មាន​ករណី​មនុស្ស​ហូប​ត្រី​ក្រពត បាន​ពុល​ស្លាប់​បុរស​២​នាក់ និង​៣​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា ចំណែក​សត្វ​មាន់ និង​ឆ្កែ ចំនួន​៨​ក្បាល ទៅ​ស៊ី​ត្រី​ក្រពត ដែល​គេ​ជះ​ចោល​នោះ ក៏​បាន​ងាប់​ផង​ដែរ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ជាតិពុល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល គឺ​អាច​បណ្ដាល​ឱ្យ​ស្លាប់ ។ ពួក​ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ខ្ពស់​បំផុត នៅ​រដូវ​កូន​បន្ត​ពូជ ដែល​ស្ថិត​នៅ​ខែកុម្ភៈ ដល់​ខែមីនា និង​ស្ថិត​នៅ​ចន្លោះ​ខែ កក្កដា ទៅ​ខែកញ្ញា ហើយ​ចំពោះ​មេជី​វិត និង​ពង​របស់​វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់​មក​ថ្លើម ពោះវៀន ស្បែក និង​សាច់ ។ បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត​ទាំងនេះ រយៈពេល ២០​នាទី ទៅ​២​ម៉ោង គឺ​មាន​រោគ​សញ្ញា ដូច​ជា រមាស់​ចាក់​ៗ នៅ​បបូរមាត់ និង​មាត់ ឈឺក្បាល វិលមុខ រមាស់​ចាក់​ៗ នៅ​ចុង​អវយវៈ ពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម បើ​ស្ថិត​ក្នុង​ស្ថានភាព​ពុល​ខ្លាំង គឺ​ធ្វើ​ឱ្យ​ថប់ដង្ហើម​ស្លាប់​តែ​ម្តង ។

ក្រសួងសុខាភិបាល​បាន អះអាង​បន្ត​ថា ការ​ធ្វើ​ឲ្យ​ក្អួត គឺ​អាច​ជួយ​បញ្ចេញ​ជាតិពុល បាន​មួយ​ចំណែក ពី​ក្នុង​ខ្លួន ។ បន្ទាប់​មក ត្រូវ​ប្រញាប់​ទៅ​រក​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ។ លើស​ពី​នេះ ជាតិពុល​ក្នុង​ត្រី​ក្រពត​ទាំងនោះ មិន​អាច​កម្ចាត់​ចោល​តាម​រយៈ​ការ​ចម្អិន​ឲ្យ​ឆ្អិន ឬ​ដាក់​ឲ្យ​កក នោះ​ឡើយ ៕