បរទេស៖ ក្រុមហ៊ុនផលិតអាហារថៃ Charoen Pokphand Foods ប្រកាសលក់ស្បៀងអាហារ១លានមុខ​ ក្នុងតម្លៃ២០បាត នៅតាមសាខា CP Fresh Mart ទូទាំងប្រទេស​ ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជននៅក្នុងស្ថានភាព Covid-19 នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nation​ Thailand នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

នាយកប្រតិបត្តិលោក Prasit Boondoungprasert មានប្រសាសន៍ថា អាហារចំនួនមួយលាន នឹងត្រូវបានចែកចាយដល់ហាង CP Fresh Mart នៅទូទាំងប្រទេសហើយមានតម្លៃត្រឹមតែ២០បាតប៉ុណ្ណោះ។ វានឹងមានជម្រើសមុខម្ហូបតាមការផ្តល់ជូនហើយអតិថិជនដែលទិញអាហារ៥ពេល ក្នុងមួយពេលដោយប្រើកម្មវិធី TrueWallet នឹងទទួលបានការបញ្ចុះតម្លៃ៥បាត បន្ថែមទៀត។

អាហារដែលត្រៀមរួចជាស្រេចចំនួន៦មុខ នឹងត្រូវបានផ្តល់ជូននៅក្រោមយុទ្ធនាការនេះ ដែលមានដូចជា៖ បាយជាមួយទ្រូងមាន់នៅក្នុងទឹកជ្រលក់ហឹរ, បាយជាមួយសាច់មាន់អាំង, បាយជាមួយសាច់មាន់ហឹរ, បាយចៀនជាមួយសាច់មាន់កូរ៉េបែបកូរ៉េ, បាយជាមួយខ្ទឹមសនិងថ្លើម, និងបាយជាមួយពងមាន់ចៀន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានរៀបចំយុទ្ធនាការ CPF Food Truck ដើម្បីផ្តល់អាហារឥតគិតថ្លៃដល់អ្នកមានចំណូលទាប នៅទីក្រុងបាងកក រៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

លោក Prasit Boondoungprasert បានបន្ថែមទៀតថា“ អាហារឥតគិតថ្លៃទាំងអស់គឺត្រូវបានរក្សាទៅនៅក្នុងមីក្រូវ៉េវសីតុណ្ហភាព មានសុវត្ថិភាព១០០% ដើម្បីលើកកម្ពស់ក្នុងការបរិភោគឱ្យមានសុខភាពល្អ” ។ លើសពីនេះក្រុមហ៊ុនក៏បានចែកប័ណ្ណចំនួន ១លានប័ណ្ណ ដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិទូទាំងប្រទេស ដើម្បីទិញផលិតផលប្រើប្រាស់ក្នុងតម្លៃទាបនៅគ្រប់សាខា CP Fresh Mart ទាំងអស់។

គួរជម្រាបថា ក្រុមហ៊ុន Charoen Pokphand Foods លីមីធីត  គឺជាក្រុមហ៊ុនឧស្សាហកម្មកសិកម្ម និងអាហារ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសថៃ។ ប្រមាណជា៦៤% នៃប្រាក់ចំណូលរបស់ខ្លួនបានមកពីប្រតិបត្តិការនៅក្រៅប្រទេសដោយ៣០% បានមកពីទីផ្សារក្នុងស្រុករបស់ប្រទេសថៃ និង៦% បានមកពីប្រតិបត្តិការនាំចេញ។ ថ្មីៗនេះក្រុមហ៊ុនបានទិញ Bellisio Foods ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារក្លាសេធំជាងគេមួយនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ១ពាន់លានដុល្លារ ក៏ដូចជាក្រុមហ៊ុន Westbridge Foods ដែលជាអ្នកផលិតបសុបក្សី ប្រទេសអង់គ្លេស ដ៏ធំដែលមានចំណូលជាង៣៤០លានផោន ៕