រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានការចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការសម្រាប់ផ្សារមូលបត្រកម្ពុជា ដែលនេះជាថ្ងៃប្រវត្តិសាស្ត្រជាថ្មីម្តងទៀតហើយសម្រាប់ខ្លួន ។ គួរគូសបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា នឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិទី៦ និងជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា។

នៅក្នុងពិធីចុះបញ្ជីជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នាព្រឹកថ្ងៃទី២៥ថ្ងៃនេះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា តំណាងនៃធនាគារជាតិនៃកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី, លោក Han Hyung Ta អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី ។

ក្នុងឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានលើកឡើងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅថ្ងៃនេះ នឹងធ្វើឲ្យធនាគារ អេស៊ីលីដា ក្លាយជាក្រុមហ៊ុនចុះ បញ្ជីទី១២ និងជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ឬភាសាសាមញ្ញហៅថា ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា»

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ការណ៍ដែលគួរឲ្យកត់សម្គាល់នោះ គឺមូលធនូបនីយកម្មទីផ្សារសរុប (តម្លៃទីផ្សារនៃភាគហ៊ុនសរុប) របស់ធនាគារ អេស៊ីលីដា មានចំនួនប្រមាណ ៧,០០០ប៊ីលានរៀល (ប្រមាណ១.៧៥ប៊ីលានដុល្លារអាមេរិក) ដែលទំហំនេះស្មើនឹងជិត៣ដង នៃមូលធនូបនីយកម្មទីផ្សារសរុប នៅផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នដែលនឹងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពទាក់ទាញ ចំពោះវិនិយោគិនបរទេស ជាពិសេស វិនិយោគិនជាស្ថាប័ន ហើយនេះគឺជាកត្តាមួយដែលនឹងជួយជំរុញ សកម្មភាពជួញដូរនៅផ្សារមូលបត្រកម្ពុជា។

បើតាមលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១២ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ជាភាគហ៊ុន) ចំនួន៦ និងក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណចំនួន ៦។ ក្រុមហ៊ុនទាំង ១២ នេះបានប្រមូលទុនពីផ្សារមូលបត្រ សរុបប្រមាណជាង ២៤០ លានដុល្លារអាមេរិក។ សកម្មភាពទីផ្សារក៏មានការរីកចម្រើនជាងមុនច្រើន ដោយសន្ទស្សន៍ថ្លៃភាគហ៊ុនបានកើនឡើងដល់៧៦១,៧៣ពិន្ទុនៅចុងឆ្នាំ២០១៩ ធៀបនឹងចុងឆ្នាំ២០១៨ ទំហំជួញដូរមធ្យមប្រចាំថ្ងៃបានកើនជាង៥ដងពីចំនួន១០៦,៨៨លានរៀល (ប្រហែល២៦.៧១៩ដុល្លារអាមេរិក)នៅក្នុង ឆ្នាំ២០១៨មកដល់ចំនួន៦២៨,១៨លានរៀល (ប្រហែល១៥៧.០៤៥ដុល្លារអាមេរិក)ជាមធ្យមនៅក្នុងឆ្នាំ២០១៩។

វិស័យមូលបត្រនៅកម្ពុជា បាននឹងកំពុងកែប្រែទម្លាប់ក្នុងការសន្សំឱ្យទៅជាការវិនិយោគ ដែលធ្វើឱ្យមានចលនាសាច់ប្រាក់ពីអ្នកដែលមានមូលធននៅសល់ទៅអ្នកដែលមានតម្រូវការមូលធនជាចាំបាច់ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម។ វិស័យមូលបត្រ និងវិស័យធនាគារ ជាវិស័យបំពេញអោយគ្នាទៅវិញទៅមក វិស័យមូលបត្ររីកចម្រើន នឹងធ្វើអោយវិស័យធនាគារ កាន់តែរីកចម្រើន និងរឹងមាំ និងធ្វើអោយរោងចក្រ សហគ្រាសនានាកាន់តែមានកំណើន និងធ្វើអោយប្រជាពលរដ្ឋកាន់តែមានលទ្ធភាពទទួលបានផ្លែផ្កាពីការរីកចម្រើននៃវិស័យឯកជនផងដែរ។ យើងសង្ឃឹមថា ការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រជាសាធារណៈរបស់ធនាគារអេស៊ីលីដា នឹងធ្វើជាគម្រូដ៏ល្អដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុជាច្រើនទៀតពិចារណាធ្វើការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅផ.ម.ក. នាពេលអនាគតខាងមុខនេះ។

ទោះបីជាស្ថានភាពបច្ចុប្បន្ននៅជុំវិញពិភពលោកមានសភាពមិនច្បាស់លាស់ តែផ្សារមូលបត្រកម្ពុជានៅតែបន្តការងាររបស់ខ្លួន និងឆ្ពោះទៅមុខឥតឈប់ឈរ។ សម្រាប់ឆ្នាំ២០២០នេះដែរ យើងសង្ឃឹមថាជាមួយនឹងវត្តមានរបស់ ធនាគារ អេស៊ីលីដា រួមជាមួយនឹងក្រុមហ៊ុនចុះបញ្ជីសក្តានុពលមួយចំនួនទៀតដែលកំពុងតែបន្តនីតិវិធី និងរៀបចំខ្លួនចុះបញ្ជីនឹងកាន់តែធ្វើឱ្យទីផ្សារមួយនេះបោះជំហានធំទៅមុខមួយកម្រិតទៀត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជានេះ ដោយសារចង់ឲ្យមានពិពិធកម្មប្រភពទុន ព្រោះថា ប្រភពទុនកន្លងមកពឹងផ្អែកទៅលើភាគទុនិកយុទ្ធសាស្ដ្រ ដែលវិនិយោគជាមួយធនាគារ និងពឹងបញ្ញើសន្សំនៅក្នុងស្រុក រួមទាំងប្រាក់បញ្ញើ ដែលមានការកំណត់ និងកម្ចីពីបរទេស។

ទីផ្សារមូលបត្ររំពឹងថា នឹងអាចក្លាយជាឧបករណ៏វិនិយោគដ៏មានសក្តានុពលតាមរយៈការធ្វើពិពិធកម្មផលបត្រវិនិយោគសម្រាប់វិនិយោគិន ដូចនៅក្នុងប្រទេសជិតខាង និងក្នុងតំបន់ និងអាចក្លាយជាទីផ្សារមួយដែលជួយកៀរគរទុន ផ្តល់ជម្រើសពិពិធកម្មប្រភពទុនថ្មីមួយទៀតបន្ថែមលើប្រភពទុនដែលមានស្រាប់ និងគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងស្រុកនានា ជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕