អាមេរិក៖ រឿងរ៉ាវរកឃើញមឈូសបុរាណមួយ ដែលដាក់សាកសពក្មេងស្រីម្នាក់អស់រយៈពេល ១៥០ឆ្នាំ (គិតត្រឹមឆ្នាំ ២០២០) តែសភាពសាកសពរបស់នាងនៅតែស្អាតប្រៀបបាននឹងក្មេងស្រីកំពុងដេកលង់លក់ នៅតែដិតដាមក្នុងអារម្មណ៍របស់មហាជន ជាពិសេសគឺពលរដ្ឋក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា ។

វិលទៅកាន់ឆ្នាំ ២០១៦ សាកសពខាងលើ ត្រូវបានរកឃើញនៅក្រោមផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ Ericka Karner ជាផ្ទះរបស់នាងរស់នៅតាំងតែពីកុមារភាព ស្ថិតក្នុងតំបន់ Richmond ។​ ពេលដែលក្រុមសាងសង់ បានរុះរើផ្ទះរបស់ Ericka Karner ដើម្បីសាងសង់ផ្ទះថ្មី ពួកគេក៏បានជីកប៉ះនឹងប្រអប់ដែកមួយ ដែលតាមពិតប្រអប់នោះគឺជាមឈូសបុរាណមួយដែលបញ្ចុះសាកសពក្មេងស្រីម្នាក់ ជឿថានាងមានអាយុ ៣ឆ្នាំ ហើយអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងគឺមឈូសនោះមានអាយុកាល ១៤៥ឆ្នាំ (គិតត្រឹមឆ្នាំ ២០១៦) មកហើយ ចំណែកសាកសពរបស់ក្មេងស្រី នៅតែស្រស់ស្អាត សូម្បីតែសម្លៀកបំពាក់ និងសក់ ក៏នៅតែរក្សាធាតុដើម ប្រៀបបាននឹងនាងកំពុងដេកលង់លក់យ៉ាងដូច្នេះដែរ ។

តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា យោងតាមការធ្វើតេស្តឌីអិនអេរបស់ក្មេងស្រីខាងលើ នាងអាចជាមានទំនាក់ទំងជិតស្និទ្ធ ឬអាចថាជាកូនស្រីគ្រួសារត្រកូល Cook ដែលជាគ្រួសារជំនាញផ្នែកតុបតែងស្បែក និងសក់ ដ៏ល្បីល្បាញនៅ សាន់ហ្វ្រាន់ស៊ីស្កូ កាលពីសម័យនោះ ។

នាងឈ្មោះ Edith Howard Cook កើតនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៨៧៣ ហើយបានទទួលមរណភាពនៅថ្ងៃទី ១៣ ខែតុលាឆ្នាំ ១៨៧៦ ។ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេល ១ឆ្នាំ អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ដែរថា នាងមានកង្វះអាហារូបត្ថម្ភបណ្តាលឱ្យរាងកាយខ្វះជីវជាតិយ៉ាងធ្ងន់ធ្ងរជាពិសេសជាតិប្រូតេអ៊ីន រួចបង្កឲ្យងាយឆ្លងបាតេរី និងវិរុសផ្សេងៗ ។

យោងតាមលទ្ធផលតេស្តពួកគេក៏បានរកឃើញថាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃជីវិតរបស់ Edith Howard Cook រាងកាយរបស់នាងចាប់ផ្ដើមទ្រុឌទ្រោមទៅៗបន្តិចម្ដងៗរហូតដល់ស្លាប់ ហើយមិនមានសញ្ញាណាមួយបង្ហាញថា នាងបានទទួលការព្យាបាលដោយវិធីព្យាបាលដោយវិធីត្រឹមត្រូវឡើយ ។

សាកសពរបស់​ Edith Howard Cook ត្រូវបានគេដាក់នៅក្នុងមឈូសដោយស្លៀកសម្លៀកបំពាក់បុរាណយ៉ាងស្អាត អប់ដោយផ្កាឡាវេនឌ័រ និងដាក់ដៃឲ្យឱបឈើឆ្កាងមួយធ្វើពីផ្កាផងដែរ ។

មួយវិញទៀតអ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងអំពីព័ត៌មានខាងលើនេះ គឺម្ចាស់ផ្ទះអ្នកស្រី Ericka Karner តែងតែបានឭសំឡេងជើងក្មេង និងសំឡេងសើចសប្បាយរបស់ក្មេងស្រី ជារឿយៗ តែនាងមិនមានអារម្មណ៍ខ្លាចឡើយ ព្រោះប្រសិនបើជាវិញ្ញាណមែនគឺអាចថា ជាវិញ្ញាណស្លូតបូត និងសន្តិភាព ។ អ្នកស្រី Ericka Karner បន្ទាប់ពីបានឃើញមឈូសរបស់ក្មេងស្រី នៅក្នុងបរិវេណនៃផ្ទះរបស់នាង នាងក៏ជឿថា តាមពិតកន្លងមក Edith Howard Cook តែងតែមកលេងជាមួយសមាជិកគ្រួសាររបស់អ្នកស្រី ដូច្នេះអ្នកស្រីក៏បានចាត់ទុកនាងជាសមាជិកគ្រួសារមួយរូបដែរ ។ បន្ទាប់ពីអត្តសញ្ញាណរបស់ Edith Howard Cook ត្រូវបានគេរកឃើញនៅខែមិថុនាឆ្នាំ ២០១៦ នាងត្រូវបានគេបញ្ចុះនៅក្នុងផ្នូរថ្មីមួយនៅទីក្រុង Colma ៕

ប្រភព៖ webtintuc