សៀមរាប៖ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វ ព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហារដ្ឋានចំនួន៣ ទីតាំងនៅខេត្តសៀមរាប ភ្លាមៗបន្ទាប់អាហារដ្ឋានទាំងនេះយកសាច់សត្វព្រៃ មកធ្វើម្ហូបអាហារលក់ជូនភ្ញៀវដោយខុសច្បាប់។ ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។

អាហារដ្ឋាន និងវត្ថុតាងដែលបង្ក្រាបបាននោះរួមមាន៖
១,អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសត្វទោមងាប់ចំនូន ១១ក្បាល លលកងាប់ចំនួន ៥០ក្បាល និងចាបស្រូវងាប់ចំនួន ២៣០ក្បាល។

២, អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់ជ្រូកព្រៃស្រស់ចំនួន ៣គីឡូក្រាម លលកទ្រាំងងាប់ចំនួន ៣៧ក្បាល ចាបស្រូវងាប់ចំនួន ១៥០ក្បាល និងក្រួចអ៉ឺតងាប់ចំនួន ១០ក្បាល។

៣, អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់អន្សងស្រស់ចំនួន ៣.៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ចំនួន ៥.៣គីឡូក្រាម ចាបស្រូវងាប់ចំនួន ៨០ក្បាល លលកបាយងាប់ចំនួន ១០ក្បាល និងអណ្តើកស្រែងាប់ ១ក្បាល ស្មើនឹង ០.៨គីឡូក្រាម។

វត្ថុតាងទាំងអស់ខាងលើត្រូវបានកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប៕