ខេត្តស្វាយរៀង ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ របស់​លោក​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង ហើយ​ភ្លើង​បាន​ឆេះ​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ ។​

​ហេតុការណ៍​ឆាបឆេះ​ផ្ទះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦:០០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។​

​អគ្គិភ័យ​នេះ ឆេះ​ផ្ទះ​ទំហំ​៨​ម៉ែត្រ​គុណ​១៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ដំបូល​ស​ង្ក័​សី ជញ្ជាំង​ក្តា ខាងក្រោម​ថ្ម ជា​របស់​ជន​រង​គ្រោះ​មានឈ្មោះ ងួ​ន រ៉ា ភេទ​ប្រុស អាយុ​៥០ ឆ្នាំ ជា​ក្រឡាបញ្ជី​សាលាដំបូង​ខេត្តស្វាយរៀង រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​គឺ​បណ្តាល​មក​ពីឆ្លងចរន្តអគ្គិសនី ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ផ្ទះបាយ ។​

​បើ​តាម​សាក​ក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​(​ប្តី ប្រពន្ធ​និង​កូន​) បាន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយ​ទាប រីឯ​កូនស្រី និង​កូនប្រសា បាន​នាំ​កូន​ទៅ​ចាក់​ថ្នាំ​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ ដោយ​ឲ្យ​កូនស្រី​ម្នាក់​អាយុ​២៦​ឆ្នាំ នៅ​ចាំផ្ទះ ។​

​តាម​ប្រភព​ព័ត៌មាន បន្ត​ថា ខណៈ​កូនស្រី​ម្នាក់​ដែល​នៅ​ចាំផ្ទះ បាន​ដាំ​ស្ល ស្រាប់តែ​ទុ​ស្សេ ខ្សែភ្លើង ក្នុង​ផ្ទះបាយ​ខាងក្រោយ ហើយ​នាង​ក៏​បាន​រត់​ចេញ​មក​ខាង​មុខ​ផ្ទះ ដើម្បី​បិទ​បា​រ៉ែត​ភ្លើង ពេល​នោះ​ភ្លើង​បាន​ឆាបឆេះ​ផ្ទះបាយ ហើយ​រាលដាល​ដល់​ធុង​ហ្គា​ស ចំនួន​ពីរ ក៏​ផ្ទុះ​យ៉ាង​ខ្លាំង បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​ទាំងមូល​យ៉ាង​សន្ធោសន្ធៅ តែ​ម្តង​។​

​ភ្លាម​ៗ លោកស្នងការ​នគ​បាល​ខេត្តស្វាយរៀង បាន​បញ្ជា​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ចំនួន​២​គ្រឿង រថយន្ត​ពន្លត់អគ្គីភ័យ​កងរាជអាវុធហត្ថ​ខេត្ត​២​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​១៥​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន នៅ​វេលា​ម៉ោង​៧ និង​០០​នាទី​យប់​ថ្ងៃ​ដដែល ប៉ុន្តែ ជា​អកុសល​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ ប្រាក់​រៀល​ចំនួន ១៥លាន​រៀល ប្រាក់​ដុល្លារ ២០០០$ ប្លង់​ដី និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

យ៉ាងណា មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​នោះ​ទេ ហើយ​ក៏​មិន​បង្ក​ឲ្យ​ឆេះ​ឆ្លង​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ដែរ ៕