រាជធានីភ្នំពេញ ៖ នារីម្នាក់ ខណៈចេញពីធ្វើការដើរត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង ស្រាប់តែមានក្រុមជនទំនើងមានគ្នាចំនួន៨នាក់ យកដែកបំពង់ទីប ព្រួតវាយបណ្តាលឲ្យរងរបួសយ៉ាងដំណំ រួចប្លន់យកលុយចំនួន១០០ដុល្លារ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ក្នុងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ លុះព្រឹកឡើងនារីរងគ្រោះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានម្នាក់។

នារីរងគ្រោះឈ្មោះដួង សៀង អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ហាងផឹកស៊ីអូនណយ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ចិន្តា តុលា ហៅតុ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានឲ្យដឹងថា នៅយប់កើតហេតុ ពេលនារីរងគ្រោះចេញពីកន្លែងធ្វើកាដើរត្រឡប់ទៅផ្ទះ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៨នាក់ ឈ្មោះចិន្តា តុលា, ឈ្មោះផ្លូច, ឈ្មោះម៉ែន និងបក្ខពួក៥នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ៤គ្រឿង មកឈប់ស្ទាក់មុខនារីរងគ្រោះ ហើយនាំគ្នាចុះវាយនារីរងគ្រោះចំក្បាល និងដងខ្លួន រួចជនសង្ស័យឈ្មោះផ្លូច យកដែកបំពង់ទីប វាយនារីរងគ្រោះត្រង់ពោះចុកដួលទៅលើផ្លូវ រួចអូសនារីរងគ្រោះចូលក្នុងព្រៃក្បែរនោះឆែកយកលុយជនរងគ្រោះ១០០ដុល្លារ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

ប្រភពបន្តថា លុះដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ក្រោយពីមានពាក្យបណ្តឹងរបស់នារីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបានសង្ស័យម្នាក់ ឈ្មោះ ចិន្តា តុលា រួមនិងម៉ូតូ១គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែក បក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕