ខេត្តកំពង់ចាម ៖ ក្រមុំម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានដើរមកលោតទឹកពីលើស្ពានកោះប៉ែន បំណងសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចកំពុងល្បាតជួយសង្គ្រោះបានមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ស្ពានកោះប៉ែន ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
នារីរងគ្រោះឈ្មោះ ទ្រី សុខហេង អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

សមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះល្បាតតាមមូលដ្ឋាន ។ លុះមកដល់ខាងលិចស្ពានកោះប៉ែន ចម្ងាយប្រហែល១០០ម៉ែត្រ ស្រាប់តែឃើញមនុស្សស្រីម្នាក់លោតពីលើស្ពានកោះប៉ែន ។

កម្លាំងល្បាតសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋជួយស្រង់ជនរងគ្រោះ ហើយឱ្យបញ្ជូនតាមរថយន្តរបស់អធិការដ្ឋានយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បានបញ្ជាក់ថា ពេលទៅដល់មន្ទីរពេទ្យ នារីរងគ្រោះពុំទាន់និយាយកើត និងគ្មានសាច់ញាតិនៅក្បែរ តែមានមិត្តភក្តិម្នាក់នៅមើលថែ ហើយលោកអធិការនគរបាលក្រុងកំពង់ចាម បានជូនថវិកាមួយចំនួនដល់នារីរងគ្រោះ និងកំពុងផ្សព្វផ្សាយរកសាច់ញាតិ៕