ខេត្តបាត់ដំបង ៖ យុវវ័យ១គូ បានបង្កាត់ភ្លើងស្នេហ៍នឹងគ្នាតាមហ្វេសប៊ុកយ៉ាងផ្អែមល្ហែម ដូចស្រមោចនិងស្ករ ឈានដល់ការណាត់ជួបគ្នាដើរលេង ហើយបានជួលបន្ទប់ស្នាក់នៅ ព្រមទាំងបានរួមភេទ៣ដង ១យប់ លុះពេលជីដូនតួស្រីបាត់ចៅមិនឃើញត្រឡប់មកផ្ទះវិញ ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួនតួប្រុសយកមកចាត់ការតាមផ្លូវច្បាប់ ក្នុងនាមជាអ្នកទោសស្នេហា។

ករណីចាប់ខ្លួនយុវជនអ្នកទោសស្នេហានេះ ធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបន្ទប់ជួលមួយកន្លែងជិតផ្សារលើ កណ្តាលក្រុងបាត់ដំបង ក្នុងក្រុម១៦ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ។

យុវជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួនក្នុងនាមអ្នកស្នេហ៍មានឈ្មោះសន ជីវ័ន អាយុ២៤ឆ្នាំ មានទីលំនៅក្រុម១៦ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែក នារីរងគ្រោះឈ្មោះស ស ល នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ជិតផ្សារលើ កណ្តាលក្រុងបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានស្ត្រីឈ្មោះ អ ហ អាយុ៨០ឆ្នាំ មានទីលំនៅក្រុម៣៦ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបាត់ចៅរបស់គាត់ឈ្មោះ ស ស ល ភេទស្រី អាយុ១៥ឆ្នាំ ពីផ្ទះមិនដឹងជាទៅទីណា។ ក្រោយពេលទទួលបណ្ដឹងរួច សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែ ឆ្នាំដដែល វេលាម៉ោង២និង៣០នាទីរសៀល កម្លាំងជំនាញបានរកឃើញក្មេងស្រីឈ្មោះ ស ស ល នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ជិតផ្សារលើ កណ្តាលក្រុងបាត់ដំបង គឺកំពុងនៅជាមួយយុវជនឈ្មោះ សន ជីវ័ន ទើបសមត្ថកិច្ច នាំខ្លួនយុវជនឈ្មោះ សន ជីវ័ន និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ-1BM_ 8433 នាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះ សន ជីវ័ន សារភាពថា រូបគេ និងក្មេងស្រីខាងលើជាសង្សារនឹងគ្នា ដោយបានស្រលាញ់គ្នាចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២០ តាមរយៈលេងហ្វេសប៊ុក ។ លុះនៅល្ងាចថ្ងៃមួយ នាដើមខែឧសភា ខ្លួនក៏បានណាត់នាង ដើម្បីដឹកដើរលេង ហើយក៏ដឹកនាងត្រឡប់ទៅផ្ទះជាធម្មតា។

លុះនៅថ្ងៃទី១៩ឧសភា ទើបខ្លួនបបួលនារីសង្សារមកចូលរួមពិធីការបងប្អូនជីដូនមួយ ហើយនៅរសៀលថ្ងៃដដែល ពួកខ្លួនទាំង២នាក់ ក៏បានធ្វើដំណើរត្រឡប់ ទៅជួលបន្ទប់ស្នាក់នៅ និងបានរួមភេទជាមួយគ្នាចំនួន៣ដង ព្រមទាំងស្នាក់នៅបន្តទៀត មិនទាន់ត្រឡប់ទៅផ្ទះវិញ ព្រមទាំងបានបន្តការរួមភេទនេះបន្ថែមទៀត ហើយក៏ត្រូវកម្លាំងប៉ូលិសចុះមកចាប់ខ្លួនដល់បន្ទប់តែម្ដង។

យុវជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕