បរទេស៖ នាថ្ងៃចុងសប្តាហ៍អ្នកទេសចរជាច្រើនបានសម្រុកនាំគ្នាទៅលេងកម្សាន្ដនៅបឹង Ozarks ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៌ Missouri ប្រទេសអាមេរិក ដើម្បីប្រារព្ធពិធីជប់លៀងមួយនៅក្នុងបារ Backwater Jacks Bar & Grill ដោយគ្មានខ្វល់ពីការអនុវត្តវិធានការរក្សាគម្លាតសង្គមរបស់រដ្ឋាភិបាលអ្វីបន្តិចសោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាយប់ថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ។

យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា កម្មវិធីនេះជាពិធីជប់លៀងដើម្បីអបអរសាទររដូវក្តៅរបស់ខ្លួនដែលមានឈ្មោះថា“ Zero Ducks Given Pool Party” ។ ហើយម្ចាស់បារនោះបានហៅឌីជេ រួមទាំងក្រុមតន្រ្តីជាច្រើនដែលសម្តែងនៅទូទាំងព្រឹត្តិការណ៍ដើម្បីញ៉ាំងឲ្យបរិយាកាសកាន់តែរីករាយ។

នៅក្នុងរូបភាពមួយដែលបានចែកចាយដោយស្ថានីយ៍ទូរទស្សន៍ KSDK មនុស្សរាប់សិបនាក់អាចត្រូវបានគេមើលឃើញថាកំពុងតែរីករាយជាមួយនឹងពិធីជប់លៀងនេះ ប៉ុន្តែមើលទៅវាហាក់បីដូចជាចង្អៀតណាស់ដោយសារតែមានការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៌យ៉ាងច្រើនកុះករ។ ហើយនៅតាមជញ្ជាំងនៅលើរានហាលខាងក្រៅមានដាក់ជាសញ្ញា“ សូមអនុវត្តការឃ្លាតឆ្ងាយពីសង្គម” ។

យោងតាមការសម្ភាសរបស់ CNN​ ពីអ្នកចូលរួមនៅក្នុងកម្មវិធីជប់លៀងនោះពួកគេបាននិយាយថា៖ សន្តិសុខគឺត្រូវបានបាររៀបចំរឹតបន្តឹង ហើយគេបានរៀបចំទឹកអនាម័យគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ ព្រមទាំងវាស់កម្ដៅអ្នកចូលរួមមុនពេលចូលទៅក្នុងកម្មវិធីទៀតផង។

សកម្មភាពអ្នកចូលរួមបានគូសបញ្ជាក់ពីរបៀបដែលរដ្ឋាភិបាលបានបកស្រាយអំពីការបន្ធូរបន្ថយនៃច្បាប់រឹតបន្តឹង ប៉ុន្តែមានមិតិមហាជនជាច្រើនបានរិះគន់ពួកគេមិនសមនឹងត្រេកត្រអាលនឹងការសប្បាយនេះទេ ខណៈដែលប្រទេសខ្លួនវីរុស COVID-19 កំពុងតែធ្វើការរាតត្បាតយ៉ាងធ្ងន់ធ្ងរ។ ហើយទង្វើរបស់ពួកគេពេលខ្លះអាចធ្វើឲ្យមានទំនាស់ពីមន្រ្តីរដ្ឋ និងថ្នាក់មូលដ្ឋាន ប្រជាជននៅទូទាំងប្រទេសត្រូវបានទុកឱ្យសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវគោរពតាមច្បាប់យ៉ាងម៉េច ៕