បរទេស៖ ក្នុងករណីដែលសាកសពត្រូវបានគេសម្លាប់ដាក់ក្នុងបាវដែលកប់ក្នុងដី នៅលើភ្នំព្រៃឈើចំការកៅស៊ូ នៅតំបន់មូម៩ ឃុំណាមុំ អនុស្រុកណាមុំ ខេត្តសុងក្លា ប្រទេសថៃ នៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ដែលគេបានរំពឹងថាសាកសពនេះបានស្លាប់ជិតមួយខែទៅហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod

ជនរងគ្រោះមានឈ្មោះ  Chanchai Non-kaenthong​ ភេទប្រុស អាយុ២១ឆ្នាំ ដែលត្រូវជាកូនបង្កើត នឹងជនសង្ស័យ។ វឌ្ឍនភាពចុងក្រោយនៃរឿងក្ដីនេះបានធ្វើឡើងនៅថ្ងៃទី ២៣ ខែឧសភាល្ងាច  Thewathawat Nakornsri Phab ស្នងការដ្ឋាននគរបាលខេត្តសុងក្លា រួមជាមួយកម្លាំងសមត្ថកិច្ចក្រុមស៊ើបអង្កេតនៃអធិការដ្ឋាននគរបាលស្រុកណាមុំ ខេត្តសុងក្លា បានឃាត់ខ្លួនបុរសដែលជាជនសង្ស័យម្នាក់ឈ្មោះ Arun Saeng Kaenthong អាយុ ៤១ឆ្នាំ ឱ្យចង្អុលបង្ហាញពីទីតាំងខាងលើនៃកន្លែងកប់សព ព្រមទាំងឲ្យធ្វើត្រាប់នូវសមកម្មភាពដែលសម្លាប់ជនរងគ្រោះទៀតផង។

ឧត្តមសេនីយ៍ឯក Thewiwat បានបង្ហើបថា ករណីនេះជាឪពុកសម្លាប់កូនខ្លួនឯង។ ដែលបណ្តាលមកពីឪពុកលួចមានទំនាក់ទំនងស្នេហាជាមួយកូនប្រសារ ប៉ុន្តែកូនប្រសាស្រីមិនយល់ព្រមទេ។ រួមទាំងម្តាយចុងក៏បានប្រាប់ទៅកូនប្រសាររបស់គាត់យ៉ាងអាថ៌កំបាំងថា ដើម្បីប្រាប់ស្វាមីឱ្យប្រយ័ត្ន ព្រោះឪពុកមានផែនការសម្លាប់ប្ដី ដើម្បីយកកូនប្រសារធ្វើប្រពន្ធ ក្នុងនោះមុនពេលកើតហេតុអ្នកស្លាប់បានហៅទូរស័ព្ទទៅប្រាប់ម្តាយថា ឪពុករបស់គាត់នឹងសម្លាប់គាត់ ព្រោះគាត់បានស្បថនឹងប្រពន្ធរបស់គាត់ទោះមានរឿងអ្វីក៏មិនបែកគ្នាដែរ។

លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថា រឿងនេះបានកើតឡើងនៅយប់ថ្ងៃទី៣០ ខែមេសា វេលាម៉ោងប្រមាណ២២និង០០នាទី ដែលពេលនោះឪពុក ព្រមទាំងកូនប្រុសបានចេញទៅកាត់កៅស៊ូ ហើយនៅពាក់កណ្តាលអធ្រាត្រ ឪពុកក៏បានប្រើកាំបិតលួចកាប់កញ្ចឹងក ព្រមទាំងចាក់ដើមទ្រូងរហូតដល់ស្លាប់។

ក្រោយពីសម្លាប់កូនប្រុសរួចឪពុករបស់គាត់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ហើយយកប៉ែលត្រឡប់មកជីករណ្តៅកូនប្រុសរបស់គាត់វិញ និងទុករអិលដូចជ័រកៅស៊ូធម្មតាហាក់ដូចជាគ្មានរឿងអ្វីកើតឡើងឡើយ។ ពេលត្រឡប់មកផ្ទះវិញកូនប្រសារសួរថាតើប្តីបានទៅណាហើយ ឪពុកបានបដិសេធមិនប្រាប់ថាគាត់ទៅណាទេ ទោះកូនប្រសារព្យាយាមសួរច្រើនដងក៏ដោយគឺនៅតែគ្មានចម្លើយ។

បច្ចុប្បន្នជនសង្ស័យជាឪពុកត្រូវបានអាជ្ញាធរបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកណាមុំ ដោយប៉ូលីសជំនាញ នឹងធ្វើការស៊ើបអង្កេតលម្អិតជាថ្មីម្តងទៀតអំពីរឿងក្ដីនេះ ៕