ភ្នំពេញ៖ ពិតជាដំណឹងគួរឲ្យសោកស្ដាយណាស់ដែលលោកគ្រូឯកទេសល្ខោនខោលម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែរោគាពាធ ខណៈដែលកាលពីថ្មីៗនេះសម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​និង​ជាស​មា​ជិ​កា​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​យាង​សោយ​ទីវង្គតក្នុង​ព្រះជន្មាយុ​៧៦​ព្រះវស្សា​ នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ​ដោយ​រោគា​ពាធ​ដែរ ធ្វើឲ្យធនធានសមរតកមនុស្សរស់ឃ្លាតឆ្ងាយបន្តិចម្ដងៗ។

យោងតាមផេកហ្វេសប៊ុកឈ្មោះ វប្បធម៌ខ្មែរ បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖«ទូកទៅកំពង់នៅ! ដំណឹងមរណភាពលោកគ្រូសាស្រ្តាចារ្យទិត្យ សែម ឯកទេសល្ខោនខោល នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានទទួលអនិច្ចកម្មហើយនាវេលាព្រលប់ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។ រដ្ឋបាលគេហទំព័រវប្បធម៌ខ្មែរ Khmer culture សូមសម្តែងសេចក្តីក្តុកក្តួលនិងតក់ស្លុតយ៉ាងខ្លាំងក្រោយលឺដំណឹងនេះ!

យើងខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកគ្រូសាស្រ្តាចារ្យ ទិត្យ សែម សូមលោកគ្រូអញ្ជើញទៅចាប់បដិសន្ធិនៅឋានខ្ពង់ខ្ពស់កុំបីអាក់ខានឡើយ ៕