យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA) ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៤ឧសភា ២០២០បានអោយដឹងថាលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានពិភាក្សាពីគោលនយោបាយថ្មីសម្រាប់បង្កើនសមត្ថភាពការធ្វើអោយញញើតសង្គ្រាមនុយក្លេអ៊ែរបន្ថែមទៀត ដែលមានន័យថាលោកនឹងរាំងខ្ទប់មិនអោយប្រទេសណាមួយមានសង្គ្រាមអាវុធនុយក្លេអ៊ែរជាមួយខ្លួន។គេមិនបានដឹងថាកិច្ចប្រជុំនេះបានធ្វើឡើងពីថ្ងៃណានោះទេ តែនេះជាការបង្ហាញវត្តមានរបស់ គីមជុងអ៊ុនជាលើកដំបូង។

ព័ត៌មានកិច្ចប្រជុំនេះបានកើតឡើងស្របពេលដែលត្រាំប្រធានាធិបតីអាមេរិកប្រកាសចង់ធ្វើតេស្តអាវុធនុយក្លេអ៊ែរ បន្ទាប់ពីខកខានអស់រយៈពេលជិត៣០ឆ្នាំ។អាមេរិកធ្វើតេស្តអាវុធនុយក្លេអ៊ែរចុងក្រោយកាលពិឆ្នាំ១៩៩២។
មួយគ្នានេះដែលលោកគីមជុងអ៊ុងដែលជាប្រធាននៃកិច្ចប្រជុំនេះក៏បានពិភាក្សាពីគម្រោងពង្រីកគណៈគម្មាធិការយោធាមជ្ឈឹមបក្សរបស់គណៈបក្សពលករដែលជាបក្សកាន់អំណាចរបស់លោក ក្នុងដើម្បីឈានទៅរកការជំរុញកងកម្លាំងប្រដាប់អាវុធទូទៅសម្រាប់វិស័យការពារជាតិទាំងមូល។

ជាមួយគ្នានេះដែរលោកគីមជុងអ៊ុនក៏បានដាក់យុទ្ធសាស្ត្រកងកម្លាំងប្រដាប់អាវុធស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ស្របពេលដែលការចរចាកាត់រំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកកំពុងជាប់គាំង។ទោះជាយ៉ាងណាក្តីគេមិនបានប្រាប់អោយដឹងថា ពេលណាទើបគោលនយោបាយខាងលើនេះត្រូវបានគេយកមកអនុវត្តន៍នោះទេ ដោយគ្រាន់តែដឹងថាកិច្ចប្រជុំនេះគឺជាវិធានការណ៍សំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកាំភ្លើងធំរបស់ប្រទេសកូរ៉េខាងជើង។
ក្នុងអំឡុងកិច្ចប្រជុំនេះ លោក Ri Pyong-chol ដែលគេស្គាល់ថាជាអ្នកកាន់កាប់កងទ័ពនិងកម្មវិធីអាវុធនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើងត្រូវបានគេបោះឆ្នោតជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមបក្សផងដែរ៕ byk007