ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែក ទំនួលខុសត្រូវការងារសង្គមរប​ស់​ក្រុមហ៊ុនណាហ្គាវើលដ៍ នាពេលថ្មីៗនេះ​បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់​ នូវសម្ភារ​ការពារសំខាន់ៗ ដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ១.០០​០ ដប និងទឹកអាល់កុលលាងដៃ ១៨០លីត្រដើម្បីចូលរួមការពារទប់​ស្កាត់​ការ​រីករាលដាលនៃជំងឺកូវីដ១៩។

ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខ៤ម៉ឺន បន្ទះ​ ជែល​លាង​ដៃ ​៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បី​ជួយ​ប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា “ក្នុង​ពេល​មានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និង ជួយគ្នាទៅវិញទៅមក​តាម​​ដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និង​ឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ការឧបត្ថម្ភនេះ គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើនដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត។

លោក Chen បានបន្ថែមថា “យើងមានសេចក្តីសោមនស្ស​រីករាយដែល​សម្ភារ​ការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាព​ប្រជាជន​ពីមេរោគកូវីដ-១៩ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយ​ទប់ស្កាត់ការរាលដាលដល់សហគមន៍របស់យើង”។

លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​នៃក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្មនិងសំណង់បានទទួលសម្ភារការពារមេរោគ​កូវីដ​១៩​ពីណាហ្គាវើលដ៍បេះដូងសប្បុរ​ស​តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។

លោកបានឲ្យដឹងថា “ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម​និង​ទំនួល​ខុសត្រូវដ៏​មានសារសំខាន់ចូលរួមក្នុង​កិច្ចខិតខំប្រឹងប្រែង​បង្ក្រាប​មេរោគ​កូវីដ​-១៩ ហើយយើងសូមប្រគ​ល់លិខិតថ្លែងអំណរគុណដល់ណាហ្គាវើល​ដ៍​ចំពោះ​ការឧបត្ថម្ភដ៏មានអត្ថន័យនេះ។សម្ភារ​ទាំងនេះនឹងជួយការពារ​សុខ​ភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើន​នៅក្នុង​គ្រាដ៏លំបាកនេះ”។

សូមបញ្ជាក់ផងដែរថា មុនពេលការឧបត្ថម្ភសម្ភារការពារមេរោគកូវីដ-១៩ ដល់​ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូង​សប្បុរសក៏បានឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជ​ធានី​ភ្នំពេញនិងក្រសួងអប់រំ យុវជននិងកីឡាផងដែរដែលសរុបមានម៉ាស់៤ម៉ឺន បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រ​ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕