រាជធានីភ្នំពេញ៖ នៅរយៈពេល៤ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន៧១,៧៤៩តោន កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ៤ខែដើមឆ្នាំ២០២០ នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ ១,៣៥៨ដុល្លារក្នុង១តោន។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៤ខែមកនេះ មានចំនួន៩៧,៤៣៥,១៤២លានដុល្លារអាមេរិក។

របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់ការនាំចេញក្នុងខែមេសាវិញ សម្រេចបាន១៨,៦០៤តោន កើនឡើងចំនួន៦,៨៥៣ តោន ស្មើនឹង៥៨ភាគរយបើធៀបនឹងខែមុន។ មួយវិញទៀតសម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែមេសាមានចំនួន ១,១៩២ដុល្លារក្នុងមួយតោន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន៤០៤,៨០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,០៦៦ហិកតាស្មើនឹង ៦២ ភាគរយ និងផ្ទៃដីថែទាំចំនួន១៥៤,៧៣៥ ហិកតាស្មើនឹង៣៨ភាគ រយ៕