ភ្នំពេញ៖ កាលពីពេលថ្មីៗនេះប្រធាន​ធនាគារ​ឯកជន បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់ថា ខាង​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​មិន​​ពិន័យ ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ជំពាក់​លុយ​ធនាគារ​នោះ​ទេ ទោះ​អ្នក​ទាំង​នោះ​គ្មាន​ប្រាក់​សង ក្នុង​ពេល​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA) ដែល​មាន​សាខា​នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា លោក អ៊ិន ចាន់នី ថា គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឯកជន ត្រូវ​អនុវត្ត​ដំណោះ​ស្រាយ​ទន់ភ្លន់ តាម​ការ​ណែនាំ​របស់​ធនាគារ​ជាតិ​កម្ពុជា។

លោក​ថា ដំណោះ​ស្រាយ​ទន់ភ្លន់​ទាំង​នោះ រួមមាន​ការ​មិន​ពិន័យ ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ជំពាក់​បំណុល​ធនាគារ ដែល​គ្មាន​លទ្ធភាព​រក​លុយ​សង​បាន ក្នុង​ស្ថានភាព​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ។

លោក អ៊ិន ចាន់នី បន្ថែម​ទៀត​ថា ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន ទទួល​បាន​វិធាន​ការ​អនុគ្រោះ​ច្រើន​ល្មម ពី​ធនាគារ​ជាតិ រួម​មាន​ការ​បន្ធូរបន្ថយ​ទុន​បម្រុង​កាតព្វកិច្ច ពី ១២,៥% មក​ត្រឹម ៧% និង​អាច​ចុះ​ទាប​ជាង​នេះ​ទៀត ដែល​វិធានការ​ទាំង​អស់​នេះ អាច​ធ្វើ​ឲ្យ​ធនាគារ​ឯកជន​មាន​លទ្ធភាព​ទប់ទល់​នឹង​ស្ថានការណ៍​វិបត្តិ​នេះ​បាន៖ «ការ​ស្នើ​សុំ​របស់​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ គឺ​បាន​ធ្វើ​រួ​ច​ហើយ និង​បាន​ទទួល​ការ​អនុញ្ញាត​រួច​ហើយ អំពី​ការ​បន្ធូរ​បន្ថយ​ទុន​បម្រុង​កាតព្វកិច្ច​ ដែល​ជា​មូលនិធិ​សំខាន់​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​មាន​ដើម​ទុន​បន្ថែម​ទៀត សម្រាប់​ការ​គាំទ្រ​ប្រតិបត្តិការ​របស់​យើង និង​ជួយ​គាំទ្រ​ដល់​អតិថិជន​របស់​យើង ហើយ​យើង​មិនបាន​សុំ​អ្វី​បន្ថែម​ទៀត​ទេ»។

ធនាគារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៧ ខែមីនា បាន​ដាក់​ចេញ​នូវ​វិធានការ ៥ចំណុច ដើម្បី​ជួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន ក្នុង​គ្រា​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​អនុវត្ត​ជាក់​ស្ដែង មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឯកជន​ជាច្រើន នៅ​តែ​បង្ខំឲ្យ​ប្រជាពលរដ្ឋ សង​ប្រាក់​ឲ្យ​ខាង​តែ​បាន។ ដោយ​ខ្លាច​ធនាគារ​រឹបអូស​ទ្រព្យ​សម្បត្តិ ឬ​ខ្លាច​ខូចឈ្មោះ ពលរដ្ឋ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​គោ​ក្របី ដើម្បី​សង​ធនាគារ។ អ្នក​ខ្លះ​ទៀត ទាល់​ខ្លាំង ក៏​បង្ខំ​ចិត្ត​តតាំង​នឹង​ភ្នាក់ងារ​ធនាគារ​ ដែល​ចុះ​ទៅ​ទារ​លុយ​ជា​ប្រចាំ ៕