ភ្នំពេញ៖ យុវជនរត់ម៉ូតកង់បីម្នាក់ បែកថ្នាំ ដល់ថ្នាក់វង្វេងវង្វាន់ស្មារតី វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវម្តាយដាក់ពាក្យបណ្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ ឲ្យចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតកង់បី មានទីលំនៅកន្លែងកើតហេតុ ។ ស្រីជាម្ដាយឈ្មោះ ចាន់ ណែត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅជាមួយគ្នា។

សមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយតែងតែបង្កបញ្ហាមិនចេះចប់ រហូតធ្វើឲ្យក្រុមគ្រួសារពិសេសម្ដាយ មានការលំបាកចិត្ដយ៉ាងខ្លាំង រហូតដល់ទ្រាំពុំបាន ទើបដាក់ពាក្យបណ្តឹងដល់អាវុធហត្ថមានជ័យ ឲ្យឃាត់ខ្លួនតែម្តង ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕