ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តហ៊ីយន់ដាយ បុកគ្នាជាមួយរថយន្តសណ្ដោងកុងតឺន័រ លាន់ឮដូចរន្ទះបណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់-ស្រាល២នាក់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥០នាទី នៅថ្ងៃ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៤ ចន្លោះគម៩៨-៩៩ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយន់ដាយ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះម៉ៃ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៤ មកពីទិសខាងលិច ទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកជារថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 3A-6696 កន្ទុយរ៉ឺម៉កព្រះសីហនុ 4A-3068 បើកបរដោយឈ្មោះឡាត់ ដាវីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាសទិសគ្នា លាន់ឮដូចរន្ទះ បណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងរបួសធ្ងន់-ស្រាលចំនួន២នាក់ ។ ចំណែករថយន្តរងការខូចខាតខ្ទេចកាប៊ីនមុខទាំង២គ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយយកជនរងគ្រោះចេញពីរថយន្ត យកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ ។
ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងវាស់វែង តាមនីតិវិធីផ្លូវច្បាប់ ៕