ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត នៅថ្ងៃទី២០ ខែឧសភានេះបានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម (Ventilator) ចំនួន១០គ្រឿង ដល់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជម្ងឺរាតត្បាត Covid-19។ ពិធីប្រគល់សម្ភារបរិក្ខារពេទ្យនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានវត្តមានឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អញ្ជើញចូលរួម។

លោក Doy Concha នាយកក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន បានឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ហើយពួកយើងប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និង ក្រសួងពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ក្រុមហ៊ុន បានឧបត្ថម្ភឧបករណ៍ជំនួយដង្ហើម ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជម្ងឺ ជាពិសេសអ្នកជម្ងឺធ្ងន់ធ្ងរពិបាកដកដង្ហើមដោយសារវីរុសកូរ៉ូណា។ ក្រុមហ៊ុន សង្ឃឹមថាការចូលរួមចំណែកនេះនឹងជួយពង្រឹងបន្ថែមទៀតនូវលទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការព្យាបាល ជួយសង្គ្រោះអាយុជីវិត និង អាចគ្រប់គ្រងជំងឺរាតត្បាតនេះ”។

កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយូនីលីវើ ក៏បានឧបត្ថម្ភផលិតផលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ រូមមានផលិតផលអនាម័យខ្លួនប្រាណ ផលិតផលក្នុងផ្ទះបាយ និងម្ហូបអាហារ ចំនួន ៣,០០០កញ្ចប់ ដល់ក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំង Covid-19 ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 និង ការពារអាយុជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា។

កាលពីខែមីនា ក្រុមហ៊ុនយូនីលីវើបានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និង ថ្នាក់ជាតិដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺរាតត្បាត Covid-19 ដ៏កាចសាហាវនេះ។
ការបរិច្ចាគនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំង Covid-19 ហើយគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។

នៅប្រទេសកម្ពុជា ក្រុមហ៊ុនយូនីលីវើ បានចែកចាយនូវផលិតផលប្រើប្រាស់សំខាន់ៗរួមមានផលិតផលថែរក្សា និង អនាម័យខ្លួនប្រាណក្នុងចំណោមផលិតផលដទៃទៀត ក្នុងនោះមានដូចជា សាប៊ូកក់សក់ សាប៊ូដុះខ្លួន ហ្វូមលាងមុខ ថ្នាំដុះធ្មេញ សាប៊ូលាងចាន ផលិតផលការពារស្បែក សាប៊ូបោកគក់ និង ផលិតផលម្ហូបអាហារជាដើម។ យូនីលីវើនឹងធ្វើការជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យខ្លួនប្រាណ ការលាងដៃឱ្យបានត្រឹមត្រូវ និងផ្តល់អាហារមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ ហើយនឹងធានាបន្តផ្គត់ផ្គង់ផលិតផលចាំបាច់ប្រើប្រាស់របស់យូនីលីវើ ៕