ភ្នំពេញ៖ មានបងប្អូនមួយចំនួនប្រាកដជាបានជ្រាបច្បាស់ហើយនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19  (CCSA) របស់ថៃ​ បានយល់ព្រមតាមសំណើរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពង្រីកស្ថានភាពអាសន្នរបស់ប្រទេសនេះរហូតដល់ដំណាច់ខែមិថុនា។ ហើយជាមួយគ្នានេះដែរថៃ ក៏បានប្រកាសពីការបិទព្រំដែនបន្តទៀត ដោយត្រូវពិនិត្យមើលស្ថានភាពផ្ទាល់ទើបអាចពិចារណាបើកឡើងវិញ ដោយគ្មានថ្ងៃខែបរិច្ឆេទច្បាស់លាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook

ជាក់ស្ដែងដោយសារតែប្រទេសថៃ បានពន្យារបិទប្រទេស១ខែទៀត ថ្មីៗនេះបានធ្វើឲ្យពលរដ្ឋខ្មែរយើងមួយចំនួនដែលរស់នៅតាមព្រំដែន ហើយមានមុខរបររកស៊ីនៅក្នុងផ្សារថៃ ព្រមទាំងពលករមួយចំនួនបានលើកឡើងថា៖«ពលរដ្ឋថៃ(អ្នកបើកឡាន)អាចមានសិទ្ធិចូលខ្មែរបាន ហេតុអីអ្នកលក់ដូរខ្មែរសុំចូលអើតមើលអីវ៉ាន់ដាក់វេនដប់ម្ភៃនាក់មិនបាន »។

យោងតាមតថភាពសព្វថ្ងៃពិតណាស់សេដ្ឋកិច្ចថៃ មានប្រៀបទៅលើប្រទេសខ្មែរច្រើន ប៉ុន្តែខាងភាគីថៃហាក់បីដូចជាមានចិត្តចង្អៀតចង្អុលជាមួយពលរដ្ឋខ្មែរ ដោយមានអ្នកលក់ដូរខ្មែរមួយចំនួននៅផ្សារថៃបារម្ភខ្លាចឥវ៉ាន់របស់ពួកគេខូចគុណភាព ដុះផ្សិតជាដើម ហើយបានធ្វើការស្នើសុំទៅភាគីថៃ ដោយដាក់វេនគ្នាម្ដង១០ ២០នាក់ចូលទៅមើលមើលឥវ៉ាន់តែបែរជាភាគីថៃបដិសេធទៅវិញ ដែលបានធ្វើឲ្យពលរដ្ឋយើងមានការអាក់អន់ស្រពោនយ៉ាងខ្លាំង ខណៈភាគីថៃអ្នកបើកបរដឹកឥវ៉ាន់មានសិទ្ធចេញចូលប្រទេសខ្មែរធម្មតា។

គួរជម្រាបថា បច្ចុប្បន្ននេះពលរដ្ឋខ្មែរកំពុងតែទន្ទឹងរង់ចាំមើលផ្លូវពីភាគីក្នុងការបើកច្រកព្រំដែនឡើងវិញ នៅក្នុងអំឡុងពេលចុងខែនេះ ប៉ុន្តែការរង់ចាំហាក់បីដូចជាមានភាពស្រពិចស្រពិលពីព្រោះតែរដ្ឋាភិបាលថៃ បានសម្រេចដាក់ប្រទេសនៅក្នុងគ្រាអាសន្ន១ខែទៀត ដែលការសម្រេចនេះបានធ្វើឲ្យពលរដ្ឋខ្មែរមានសង្ឃឹមតិចណាស់ក្នុងការបើកច្រើព្រំដែនឡើងវិញនៅចុងខែនេះ ៕