ខេត្តកណ្ដាល៖ បុរសម្នាក់ទៅបង់សំណាញ់ បាននាំកូនប្រុសម្នាក់ និងក្មួយស្រីបង្កើតម្នាក់ទៅតាមដែរ ពេលកំពុងជាប់ដៃបង់សំណាញ់ កូនប្រុស និងក្មួយស្រីនាំគ្នាចុះលេងទឹករអិលជើងចូលទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់ទាំង២នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចត្រពាំងអង្គសិត្ថនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ។
ក្មេងរងគ្រោះទី១-ឈ្មោះ ខុំ វ៉ាន់ ភេទប្រុស អាយុ៩ឆ្នាំ ឪពុកឈ្មោះញ៉ សុខុំ អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និងម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ។

ក្មេងរងគ្រោះទី២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ០៩ឆ្នាំ ឪពុកឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក និងម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ។

មុនពេលកើតហេតុ ឈ្មោះ ញ៉ សុខុំ ឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ ខុំ វ៉ាន់ បានយកសំណាញ់ទៅបង់ត្រីនៅ ត្រពាំងអង្គ ដោយបាននាំកូនប្រុស និងក្មួយស្រីបង្កើតទៅតាមដែរ។ ពេលទៅដល់ត្រពាំងអង្គ ឪពុកបានបង់សំណាញ់នៅខាងជើងត្រពាំង ដែលមានជំរៅប្រហែល០៣ម៉ែត្រ ដោយទុកកូនប្រុសនិ ងក្មួយស្រីឲ្យនៅលេងទឹកនៅខាងត្បូងត្រពាំង ។ ខណៈកំពុងបង់សំណាញ់ ស្រាប់តែឮកូនស្រែកឲ្យជួយ ឪពុកក្រឡេកទៅមើលទៅឃើញក្មេងទាំង២លង់ទឹក ក៏បានទំលាក់សំណាញ់ចុះរត់ទៅជួយកូនដែរ ប៉ុន្តែទំរាំមកដល់ក្មេងទាំង២លិចទៅក្នុងទឹកបាត់ទៅហើយ ឪពុកក៍ទន់ជើងស្លុតស្មារតីបានត្រឹមឈរមើល និងស្រែកយំឲ្យគេជួយកូនប្រុស និងក្មួយស្រីប៉ុណ្ណោះ ហើយមួយសន្ទុះក្រោយមក មានប្រជាពលរដ្ឋនៅក្បែរនោះរត់មកជួយ ហើយទំរាំរាវរកឃើញ ក្មេងទាំងពីរនាក់នោះស្លាប់បាត់អស់ហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះមកធ្វើការពិនិត្យពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕