បន្ទាយ​មាន​ជ័យ ៖ កូនប្រុស​ម្នាក់​គ្រាន់តែ​រឿង​មិន​ទទួល​ទូរស័ព្ទ ខឹង​បាន​សម្លាប់​ឪពុក​ខ្លួនឯង ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​នៅ​រសៀល ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ ។

លោក​បន្ត​អោយ​ដឹង​ថា គ្រាន់តែ​រឿង​ទូរស័ព្ទ​មក​ឪពុក ហើយ​ឪពុក​មិន​លើក​ទូរស័ព្ទ ខឹង​ឈ្លោះប្រកែក​ពាក្យ​សម្តី​ជាមួយ​ឪពុក​បង្កើត ពេល​ឈ្លោះប្រកែក​គ្នា​នោះ ម្តាយ​ក៏​បាន​ហាមឃាត់​កុំ​ឲ្យ​ឈ្លោះ​ដែរ ស្រាប់តែ​កូនបង្កើត ខឹង​ទប់​កំហឹង​ពុំ​បាន ឈាន​ដល់​យក​អង្រែ​ឈើ ប្រវែង​ប្រវែង​ប្រមាណ​១.៣០​ម៉ែត្រ វាយ​ទៅ​លើ​ឪពុក​បណ្តាល​ឲ្យ​ដួល​សន្លប់​ផ្កាប់មុខ​នឹង​ដី រួច​ហើយ​ប្រពន្ធ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ជា​អកុសល​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ តែ​ម្តង ។

លោក​បន្ថែម​អោយ​ដឹង​ទៀត​ថា រីឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​ហើយ បាន​រត់គេច​ខ្លួន​បាត់​ទាំង​យប់ ទើប​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ នៅ​ចំណុច​ភូមិ​តា​បៅ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕