រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីបោកប្រាស់លុយចំនួន១.៥លានដុល្លារអាមេរិក រឿងលក់ដីខ្យល់ជិត២០០ហិកតារ នៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖ ទី១៖ឈ្មោះ រស់ សុគន្ធ អាយុ៤០ឆ្នាំ, ទី២៖ឈ្មោះ ផាត់ សុខកាន ភេទស្រី អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ អ៊ុង ប៊ុនថន អាយុ៥៤ឆ្នាំ ។ ជនសង្ស័យទាំងបីនាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែឧសភា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យ៉ន សេងហាង បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើកិច្ចសន្យាស្ដីពីការទិញលក់ដីធ្លីជាមួយឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន លើផ្ទៃដីទំហំ១៩១ហិកតារ ដែលមានទីតាំងនៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។

បន្ទាប់ពីបានចុះកិច្ចសន្យាទិញលក់ដីធ្លីរួចមក ជនរងគ្រោះបានធ្វើការទូទាត់ប្រាក់ថ្លៃទិញដីឲ្យទៅឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន ១,៥០០,០០០ដុល្លារ ។ នៅពេលជនរងគ្រោះទាក់ទងទៅជនសង្ស័យទាំង៣នាក់ខាងលើ ដើម្បីឲ្យពួកគេស្នើសុំច្បាប់អនុញ្ញាតឈូសឆាយដីពីរដ្ឋបាលស្រុកឧដុង្គ ស្រាប់តែពួកគេគេចវេះរហូត ។ដោយមានការសង្ស័យ ជនរងគ្រោះបានឲ្យមេធាវីធ្វើពាក្យស្នើសុំអនុញ្ញាតច្បាប់ឈូសឆាយដី ទៅរដ្ឋបាលស្រុកឧដុង្គដោយផ្ទាល់ ។

តែខាងរដ្ឋបាលស្រុកឧដុង្គ ឆ្លើយតបវិញថា ឯកសារពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី របស់ឈ្មោះ អ៊ុង ប៊ុនថន និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ឈ្មោះ រស់ សុគន្ធ គឺជាឯកសារក្លែងក្លាយ ដែលជាឯកសារយកមកចុះកិច្ចសន្យាទិញលក់ដីធ្លី ដើម្បីឆបោកប្រាក់ជាមួយជនរងគ្រោះតែប៉ុណ្ណោះ។

ដូច្នេះជនរងគ្រោះក៍ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចតែម្ដងទៅ។ ជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី ៕