បរទេស៖  នាយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ មានករណីធ្លាក់យន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 ផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់ លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយអ្វីដែលគួរឲ្យរន្ធត់នោះគ្មាននរណាម្នាក់នៅរស់នោះឡើយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky News ៕

ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងដោយអភិបាលទីក្រុងការ៉ាជីផ្ទាល់តែម្តង ខណៈក្រុមសង្គ្រោះ និងទាហាន កំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងប្រមូលកម្ទេចកម្ទីយន្តហោះ ក៏ដូចជាសាកសពជនរងគ្រោះ។ មិនទាន់មានការបញ្ជាក់ថា ប្រជាជននៅលើដីប៉ុន្មាននាក់អាចស្លាប់ ឬរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ ព្រោះយន្តហោះបានធ្លាក់ចំទីប្រជុំជន។

បន្ថែមពីខាងលើនេះ អ្នកនាំពាក្យអាកាសចរណ៍ PIA បានលើកឡើងថា នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា «មានបញ្ហាបច្ចេកទេសហើយ»។ អាកាសចរណ៍ប៉ាគីស្ថានខាងលើនេះ ទើបតែត្រូវបានរដ្ឋាភិបាលអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ប៉ុន្តែបែរជួបគ្រោះថ្នាក់ ដ៏អកុសលបែបនេះទៅវិញ ៕