សៀមរាប ៖ ថ្មី​ៗ​នេះ យុវតី​ម្នាក់ ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុទ្ធ បុប្ផា មាន​ឆន្ទៈ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង បាន​ផ្ដួចផ្តើម​បង្កើត​បណ្ណាល័យ​ភូមិ​មួយ​កន្លែង ចេញ​ជា​រូបរាង​បាន​ដោយ​ជោគជ័យ ដែល​ការ​ចាប់ផ្តើម​នោះ​ មិន​ត្រូវការ​ទ្រព្យសម្បត្តិ​មហាសាល​ឡើង តែ​វា​កើត​ចេញពី​សេចក្តី​ស្រលាញ់ និង​មនសិការ​របស់​ប្អូនស្រី ។

ទីតាំង​បណ្ណាល័យ​ភូមិ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​នេះ ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃអង្គរ ក្បែរ​ស្រះស្រង់ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា សុទ្ធ បុប្ផា បានអោយ​ដឹង​ថា ដំបូង​ឡើយ ដោយ​សម័យ​កូ​វី​ដ​នេះ បុប្ផា ឧស្សាហ៍​ឃើញ​ក្មេង​ៗ​តាម​ភូមិ ចូល​ចិត្ត​អង្គុយ​ជុំ​គ្នា​លេងបៀរ និង​លេង​ហ្គេ​ម ហើយ​ឥត​ដឹង​ថា កាលណា​ចូល​រៀន​វិញ ទើប​កញ្ញា ពិភាក្សា​ជាមួយនឹង​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​«​ដា​» (​ស្ត្រី​ធ្លាប់​ស្គាល់គ្នា​ជាមួយ​បុប្ផា ជិត​៣​ឆ្នាំ​ហើយ​) កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០២០ ចង់​ផ្តួចផ្ដើម​បង្កើត បណ្ណាល័យ​តាម​ភូមិ មួយ នៅផ្ទះ​គាត់ ដោយ​ប្រមូល​ក្មេង​ៗ​មក​អាន​សៀវភៅ ខ្ចី​សៀវភៅ ផាត់​ពណ៌ មើល​វី​ដេ​អូ​បង្រៀន និង​មក​រៀន​ជុំ​គ្នា ។ ការ​បង្កើត​បណ្ណាល័យ​ភូមិ​នេះ មិន​ធ្វើ​តែ​សម្រាប់​រដូវ​កាល​កូ​វី​ដ​ទេ ប៉ុន្តែ​សម្រាប់​រដូវ​កាល​កូ​វី​ដ យើង​អនុញ្ញាតិ​ឲ្យ​តែ​ខ្ចី​សៀវភៅ និង​សម្ភារ​មួយ​ចំនួន យក​ទៅ​អាន និង​យក​ទៅ​ផាត់​នៅផ្ទះ​ប៉ុណ្ណោះ​។ ប្រសើរ​ជាង​ឲ្យ​ពួក​គាត់​ទំនេរ ទៅ​អង្គុយ​លេងបៀរ ឬ​លេង​ហ្គេ​ម​ដែរ ។

ក្រោយ​ពិភាក្សា បងស្រី ដា ដែល​ធ្លាប់​ស្គាល់គ្នា​ជាមួយ​បុប្ផា គាត់​ក៏​យល់ព្រម ស្ម័គ្រចិត្ត​ជួយ​សម្របសម្រួល និង​ផ្ដល់​កន្លែង​ឲ្យ​សម្រាប់​ធ្វើ​ជា​បណ្ណាល័យ គឺ​នៅផ្ទះ​របស់​បងស្រី​តែ​ម្តង មាន​ទីតាំង​ដូច​ខាងលើ ។

នៅ​ថ្ងៃ​ទី​១៧ ឧសភា ២០២០ បណ្ណាល័យ​ភូមិ បាន​លេច​រូបរាង​ឡើង ដោយ​មាន​ស្លាក លាបថ្នាំ​ពណ៌​លឿង​លើ​ស័ង្កសី និង​សរសេរ​អក្សរ​ពណ៌​ខ្មៅ​ដាក់​ថា «​បណ្ណាល័យ​ភូមិ អារក្ស​ស្វាយ អាន គិត និង​អនុវត្ត ដោយ​ឥត​គិតថ្លៃ​»​។ ស្លាក​ហ្នឹង​ធ្វើ​អស់​តែ​៣​ម៉ឺន​រៀល​ទេ ។ នៅ​ថ្ងៃ​នោះ​ដែរ ប្អូនស្រី បុប្ផា មានឱកាស​ស្ដាប់​ក្មេង​ៗ​អាន​សៀវភៅ​ដោយ​ផ្ទាល់​! ប៉ុន្តែ​គួរ​ឲ្យ​ស្រឡេតចិត្ត​បន្តិច ត្រង់​ថា​ក្មេង​ខ្លះ រៀន​ថ្នាក់​ទី​៥​ហើយ គ្នា​ឥត​ទាន់​ចេះ​ប្រកប ឬ​អាន​តួអក្សរ​អស់​ទេ ! ដូច្នេះ ការ​ពង្រឹង​អំ​ណា​ន សម្រាប់​កុមារ គឺជា​ការ​ចាំបាច់ ហើយ​បណ្ណាល័យ​ភូមិ នឹង​ត្រូវ​រៀបចំ​កម្មវិធី​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​កុមារ​អាន​ឲ្យ​បាន​ច្រើន និង​អាន​ឲ្យ​បាន​ស្ទាត់​ជាង​នេះ ។

កញ្ញា សុទ្ធ បុប្ផា បានអោយ​ដឹង​ថា បងស្រី ដា ជា​អ្នក​ស្ម័គ្រចិត្ត​ភូមិ និង​ខ្ញុំ សុទ្ធតែ​ឥត​ជំនាញ ខ្ញុំ​និង​គាត់​គ្មាន​បទ​ពិសោធន៍​ខាង​គ្រប់គ្រង​បណ្ណាល័យ​ទេ ។ អ្វី​ផ្សេង​ទៀត ខ្ញុំ​និង​គាត់​ឥត​ចេះ​ទេ មិនដឹង​ថា ត្រូវ​គ្រប់គ្រង​បណ្ណាល័យ​ឲ្យ​មាន​ប្រសិទ្ធភាព គេ​ត្រូវធ្វើ​បែប​ណា ហើយ​ត្រូវ​មានអី​ខ្លះ ? ដឹង​តែ​ពួក​យើង​មាន​ឆន្ទ​: ដឹង​តែ​យើង​នឹង​ប្រឹង​ធ្វើ​វា ដើម្បី​ប្រយោជន៍​អ្នក​ភូមិ ឲ្យ​ចាប់ផ្ដើម​អាន​សៀវភៅ និង​រៀន​ប្រើប្រាស់​បណ្ណាល័យ សម្រាប់​ប្រយោជន៍​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ ។ ចង់​ឲ្យ​អ្នក​ភូមិ​រៀន​ដឹកនាំ​ខ្លួនឯង ដើម្បី​បណ្ណាល័យ​ភូមិ ក្លាយជា​គំរូ ដល់​ភូមិ​ដទៃ​ទៀត ឲ្យ​គេ​ចង់​ធ្វើ និង​ដឹកនាំ​ខ្លួនឯង​ដែរ ។

កញ្ញា សុទ្ធ បុប្ផា ក៏​បាន​បញ្ជាក់​ដែរ​ថា ទីតាំង​ជា​ផ្ទះ​របស់​អ្នក​ភូមិ សៀវភៅ​គេ​ឲ្យ​អ្នក​ភូមិ ហើយ​លុយ​ឧបត្ថម្ភ​សម្រាប់​ទិញ​សៀវភៅ ក៏​គេ​ឲ្យ​អ្នក​ភូមិ មិនមែន​ឲ្យ​ខ្ញុំ​ឯណា អ៊ីចឹង បណ្ណាល័យ​ភូមិ វា​ជា​របស់​អ្នក​ភូមិ​ហើយ មិនមែន​ជា​កម្មសិទ្ធិ​របស់ខ្ញុំ ឬ​អ្នក​ណា​ម្នាក់​ទេ ។ ខ្ញុំ​គ្រាន់តែ​ជួយ​ផ្ដួចផ្ដើម ផ្ដល់​គំនិត សម្របសម្រួល និង​រៃ​អង្គាស​ប៉ុណ្ណោះ ។ ផុត​ពី​នោះ អ្នក​ភូមិ​នឹង​ត្រូវធ្វើ​ខ្លួនឯង ។

ប្រសិនបើ​បងប្អូនមានទឹក​ចិត្តសប្បុរស​ចង់​ឧបត្ថម្ភ​សម្ភារ​សិក្សា ពិសេស​សៀវភៅអាន ឫ​បរិច្ចាគ​ថវិកា សូម​ទំនាក់ទំនង​ទៅ​កាន់​កញ្ញា សុទ្ធ បុប្ផា ដោយផ្ទាល់តាម​រយៈ​លេខ​ទូរស័ព្ទ 077 64 64 19 ៕