ខេត្តសៀមរាប៖ ព្រះគ្រូចៅអធិការវត្តព្រៃជាំ ស្ថិតនៅក្នុងភូមិត្រពាំងថ្ម បានផ្តល់ដីរបស់វត្តទំហំជិត១ហិកតា ជូនដល់រដ្ឋបាលស្រុក ដើម្បីជីកស្រះខ្នាតធំមួយទុកជាប្រយោជន៍រួមដល់អ្នកភូមិ ដើម្បីយកប្រើប្រាស់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

យោងតាមគណនីហ្វេសប៊ុក ឃឹម ហ្វីណង់ បានបង្ហោះថា « មានដំណឹងល្អមួយសម្រាប់អ្នកភូមិត្រពាំងថ្ម ! ព្រះចៅអធិការវត្តព្រៃជាំ ដែលជាវត្តតែមួយគត់នៅក្នុងភូមិត្រពាំងថ្ម បានអនុញ្ញាតយល់ព្រមផ្តល់ដីរបស់វត្តទំហំជិត១ហិកតា ជូនដល់រដ្ឋបាលស្រុក ដើម្បីជីកស្រះខ្នាតធំមួយទុកជាប្រយោជន៍រួមដល់អ្នកភូមិ និងដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ ដែលតែងតែជួបប្រទះនៅរៀងរាល់រដូវប្រាំង។

ខ្ញុំពិតជាមានការរំភើបចិត្តជំនួសអ្នកភូមិត្រពាំងថ្ម និងដឹងគុណយ៉ាងខ្លាំង ដែលព្រះចៅអធិការបានមើលឃើញពីការលំបាករបស់អ្នកភូមិ ហើយយល់ព្រមឯកភាពតាមការពិតស្នើសុំរបស់រដ្ឋបាលស្រុក និងសុខចិត្តលះបង់ដីរបស់វត្ត ដើម្បីជាប្រយោជន៍រួមមួយនេះ។

ស្រះដ៏ធំមួយនេះ យ៉ាងហោចណាស់ ក៏នឹងជួយដល់ដោះស្រាយបញ្ហាប្រឈមមុខភ្លាមៗជូនអ្នកភូមិមួយកម្រិតដែរ ព្រោះបច្ចុប្បន្ននេះ នៅក្នុងភូមិមានតែស្រះតូចៗ មិនត្រូវស្តង់ដា ទឹកមិនថ្លា និងមិនទាន់បំពេញតម្រូវការប្រើប្រាស់ឲ្យបានទូលំទូលាយនៅឡើយទេ។ រដ្ឋបាលស្រុកនឹងធ្វើការសិក្សាលម្អិតពីទំហំ ជម្រៅ និងស្តង់ដាបច្ចេកទេស ជាពិសេសកំណត់ពីតម្រូវការថវិកានិងចំណាយសរុប ដើម្បីធ្វើការកៀងគររកការឧបត្ថម្ភនានា និងធ្វើយ៉ាងណាឲ្យស្រះនេះអាចមានទឹកថ្លាប្រើប្រាស់បានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពទឹក និងមាននិរន្តន៍ភាពយូរអង្វែង។ ក្រុមការងារនឹងធ្វើការងារនេះឲ្យបានរួសរាន់ជាទីបំផុត មុនពេលធ្លាក់ភ្លៀងខ្លាំងដែលនឹងនាំអោយរំខានដល់ការជីកដី និងដើម្បីសន្សំទឹកភ្លៀងទុកអោយបានច្រើន។

រដ្ឋបាលស្រុកប្តេជ្ញានឹងបន្តស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍លើបញ្ហាខ្វះខាតទឹក ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀតនៅក្នុងភូមិ ដើម្បីផ្លាស់ប្តូរវាសនាភូមិដែលក្រីក្រជាងគេមួយនេះ បង្កភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ និងផ្តល់ឱកាសសេដ្ឋកិច្ចទៅដល់អ្នកភូមិឲ្យបានប្រហាក់ប្រហែលគ្នាទៅនឹងភូមិផ្សេងនៅក្នុងតំបន់ដទៃទៀតផងដែរ»៕