ខេត្តបន្ទាយមានជ័យ៖ កូនអក្តញ្ញូម្នា់បានទូរស័ព្ទទៅឪពុកនៅផ្ទះ តែឪពុកមិនបានលើក ។ ពេលមកដល់ផ្ទះក៏រករឿងឈ្លោះប្រកែកគ្នាជាមួយឪពុក រហូតទាញអង្រែបុកអង្ករ វាយទៅលើឪពុករបស់ខ្លួនចំកញ្ចឹង.ក បណ្តាលឲ្យដួលផ្កាប់ ហើយបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ។
ជនរងគ្រោះជាឪពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ នៅភូមិឃុំខាងលើ ។ ចំណែកកូនអក្តញ្ញូ ជាជនដៃដល់ឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅជាមួយគ្នា។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេកនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។ ក្រោយពីធ្វើផ្ទះរួច ពេលល្ងាច ជនដៃដល់ក៏បានផឹកស៊ីនៅផ្ទះឲ្យម្តាយក្មេកនោះ ហើយបានទូរស័ព្ទទៅឪពុកនៅផ្ទះ តែឪពុកមិនបានលើកទេ ។ ពេលកូនអកតញ្ញូនេះមកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកគ្នាជាមួយឪពុក។ ឃើញដូច្នេះ ស្រីជាម្តាយឈ្មោះកន ប៊ូ អាយុ៥៦ឆ្នាំ បានហាមឃាត់កុំឱ្យឈ្លោះប្រកែកគ្នា ។ តែជនសង្ស័យមិនព្រមស្ដាប់ ហើយថែមទាំងបានទាញអង្រែបុកអង្ករ ប្រវែង១,៣០ម វាយទៅលើឪពុករបស់ខ្លួនចំកញ្ចឹង.ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ហើយក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែកជនដៃដល់ ក្រោយពីវាយទៅលើឪពុកហើយ បានរត់គេចខ្លួនបាត់ តែយ៉ាំងណា កម្លាំងនគរបាលកំពុងតែតាមស្រាវជ្រាវរកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕