ខេត្តឧត្តរមានជ័យ៖ រថយន្តស្ទូចមួយគ្រឿង កំពុងបើកតាមផ្លូវជើងភ្នំ ស្រាប់តែដាច់ហ្វ្រាំង ហើយរុញរថយន្តវីហ្គោដែលបើកខាងមុខ បណ្តាលឲ្យធ្លាក់ជម្រាលភ្នំទាំង២គ្រឿង តែសំណាងល្អ ធ្វើឲ្យមនុស្សរងរបួសស្រាលតែ៣នាក់។

ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទីព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអន្លង់វែង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយន្តស្ទូច ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ 3D.7408 និងរថយន្តម៉ាកវីហ្គោ ១គ្រឿងពាក់ស្លាកលេខចង្កូតស្តាំ BB.0557 ពណ៌ខៀវ សេរីឆ្នាំ២០០៥ បើកបរចុះពីលើភ្នំច្រកអន្តរជាតិជាំ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តស្ទូច ដែលបើកពីក្រោយដាច់ហ្វ្រាំង ក៏រុញរថយន្តវីហ្គោ ដែលបើកខាងមុខនោះ បណ្តាលឲ្យធ្លាក់ជម្រាលភ្នំទាំង២គ្រឿង ធ្វើឲ្យរថយន្តវីហ្គោ ខូចខាតទាំងស្រុង ឯអ្នកនៅក្នុងរថយន្ត៣នាក់ របួសស្រាល២នាក់ ។ ចំណែករថយន្តស្ទូច ខូចខាតផ្នែកខាងមុខមានគ្នា៤នាក់ រងរបួសតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ។

ដោយឡែក រនាំងដែកសុវត្ថិភាពនៅតាមចិញ្ចើមផ្លូវខូចខាតចំនួន៧ផ្ទាំង។
ក្រោយពេលកើតហេតុ រថយន្តទាំង២នេះ ត្រូវបានសមត្ថកិច្ចចាត់ចែងស្ទួចយកទៅរក្សាទុកដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕