ខេត្តស្វាយរៀង៖ សត្វក្របីរបស់អ្នកស្រុក១ហ្វូង ខណៈដើរស៊ីស្មៅ បានដើរជាន់មីនតោនសល់ពីសម័យសង្គ្រាម ក៏ផ្ទុះលាន់ឡើងកក្រើកមេឃ បណ្តាលឲ្យងាប់ចំនួន៣ក្បាលនៅនឹងកន្លែង រីឯច្រើនក្បាលទៀត បានរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បុរសឈ្មោះមាជ ទ្រូ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ជាម្ចាស់សត្វក្របីរងគ្រោះខាងលើ បានរៀបរាប់ឲ្យដឹងថា គាត់បានលែងសត្វក្របីឲ្យដើរស៊ីស្មៅនៅចំណុចខាងលើជាយូរណាស់មកហើយ មិនដែលមានគ្រោះថ្នាក់ដោយប្រការណាមួយឡើយ ទើបតែមកដល់ថ្ងៃកើតហេតុ ស្រាប់តែសត្វក្របីរបស់គាត់ដើរជាន់មីនតោនផ្ទុះ បណ្តាលឲ្យងាប់ចំនួន៣ក្បាល និងរងរបួសច្រើនក្បានផ្សេងទៀត។

សមត្ថកិច្ចក្រុងបាវិត និងមន្ត្រីស៊ីម៉ាក បានឲ្យដឹងថា នៅកន្លែងខ្លះដោះគ្រាប់មិនទាន់អស់ទេ ព្រោះទាំងក៏បានដាក់ស្លាកសញ្ញាហាមឃាត់មិនឲ្យប្រជាពលរដ្ឋចូលទៅកន្លែងនោះដែរ ព្រោះខ្លាចមានគ្រោះថ្នាក់។ លុះពេលហ្វូងសត្វក្របីដើរទៅស៊ីស្មៅនៅទីនោះ ក៏ជាន់មីនតោនផ្ទុះ បណ្តាលឲ្យងាប់ និងរបួសតែម្តង៕