វៀតណាម ៖ អតីតអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមម្នាក់ ត្រូវតុលាការយោធាផ្ដន្ទាទោស កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដាក់ពន្ធនាគារ០៤ឆ្នាំ ពីបទអនុញ្ញាតឱ្យមានការផ្ទេរដីឡូតិ៍របស់រដ្ឋ ទៅឱ្យវិស័យឯកជន ចំនួន០៣កន្លែងក្នុងទីក្រុង ហូជីមិញ (Ho Chi Minh) ដោយខុសច្បាប់។

នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ។
អតីតអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម ដែលត្រូវតុលាការយោធាផ្ដន្ទាទោស ដាក់ពន្ធនាគារ០៤ឆ្នាំនោះ ឈ្មោះ Nguyen Van Hien អាយុ៦៥ឆ្នាំ ត្រូវបានគេរកឃើញពីទោសកំហុស «ខ្វះការទទួលខុសត្រូវ» ដោយបានផ្ទេរដីរបស់កងទ័ពជើងទឹកវៀតណាម មានទំហំ ៧,៣០០គីឡូម៉ែត្រក្រឡារ សម្រាប់រយៈពេល ៤៥-៤៩ឆ្នាំ ទៅឱ្យវិស័យឯកជន ដើម្បីសាងសង់អគារការិយាល័យ។

ជាមួយគ្នានេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម ក៏បានបញ្ជាក់ថា ការផ្ទេរដីនេះមានន័យថា កងទ័ពជើងទឹកវៀតណាម បាត់បង់ការប្រើប្រាស់ដីឡូតិ៍ទំាងនោះរយៈពេល ៤៩ឆ្នាំ និងធ្វើឱ្យរដ្ឋខាតបង់ថវិកា ៤០លានដុល្លារ។

លោក Nguyen Van Hien ដែលធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាមពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ត្រូវបានគណបក្សកុម្មុយនិស្ដវៀតណាម ដកសេចក្ដីទុកចិត្តកាលពីខែមេសាកន្លងទៅ។

ក្រៅពីអតីតអនុរដ្ឋមន្ត្រីការពារជាតិ Nguyen Van Hien តុលាការយោធាវៀតណាម ក៏បានផ្ដន្ទាទោសមន្ត្រីយោធា ០៤នាក់ផ្សេងទៀតដាក់ពន្ធនាគារចន្លោះពី៤ ទៅ៩ឆ្នាំផងដែរ ពីបទជាប់ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយនេះ៕