ខេត្តកណ្តាល៖ យុវជនម្នាក់ បានត្អូញប្រាប់ម្តាយថាអត់ស្រួលខ្លួន និងឃ្លានចង់ហូបបបរ ហើយម្តាយក៏កោសខ្យល់ឲ្យ រួចក៏ទៅលក់បន្លែនៅឯផ្សារបាត់ទៅ ។ លុះពេលត្រឡប់មកវិញ ហៅកូនឲ្យងើបហូបបាយ ស្រាប់តែកូនប្រុសស្លាប់រឹងស្តូក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ចំណុចផ្ទះយាមម៉ូទ័របូមទឹករោងចក្រ ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ។

យុវជនរងគ្រោះឈ្មោះក្លែង ចាន់ណេង ហៅ រី ជុក អាយុ១៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្រុកកំណើត ភូមិថ្មី ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ស្រ្តីឈ្មោះម្រិច អេង អាយុ៥១ឆ្នាំ ជាម្តាយយុវជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសគាត់ (ជនរងគ្រោះ) បានក្រោកពីដេក ហើយបានប្រាប់គាត់ជាម្តាយថាចង់ហូបបបរ ។ ពេលនោះ គាត់ប្រាប់ទៅកូនវិញថាហូបបាយឆាទៅ វាមានស្រាប់ តែកូនថា អត់ហូបទេ ព្រោះរូបគេហើមពោះ ទើបគាត់បានកោសខ្យល់ឲ្យកូន ហើយទៅរកទិញបបរ តែអត់បាន។ បន្ទាប់មកកូនបានដេកទៅវិញ ហើយគាត់ប្រញាប់ទៅបេះបន្លែនៅជិតៗផ្ទះ ដើម្បីយកទៅលក់នៅមុខរោងចក្រដូចរាល់ដង។

ស្រ្តីជាម្តាយបន្តថា លុះវេលាម៉ោងកើតហេតុ គាត់បានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនប្រុសនៅដេក ក៏ទៅដាស់ឲ្យហូបបាយ តែកូនមិនមាត់មិនក ហើយពេលយកដៃទៅប៉ះកូនស្រាប់តែកូនគាត់មានសភាពរឹង ទើបគាត់ទូរស័ព្ទហៅប្តីឲ្យមកជួយមើលកូន ពេលប្តីគាត់មកដល់ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកពិនិត្យសពជនរងគ្រោះ ។ ឆ្លងតាមតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គរ ។ សពជនរងគ្រោះបាន
ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕