ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ ត្រូវបានជនសង្ស័យប្រើអំពើហិង្សាដាក់ ដោយវាយនិងកាប់ដាច់ដៃ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផា សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ ចំណែក ជនសង្ស័យឈ្មោះអ៊ុតឡេ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (បានរត់គេចខ្លួន)។

ក្រោយពីមានហេតុការកើតឡើង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកសៀមបូក បានចុះពិនិត្យ ដល់កន្លែងកើតហេតុ ពិនិត្យសាកសព ដោយសន្ឋិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយហិង្សាពិតប្រាកដមែន ។ ចំណែក ជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា តាមប្រមាញ់ចាប់ខ្លួននាំមកផ្ទន្ទាទោស តាមនីតិវិធី៕