បរទេស ៖ ស្ត្រី៣នាក់ ត្រូវហ្វូងមនុស្សរត់ជាន់រហូតដល់ស្លាប់ ក្នុងហេតុការណ៍អ្នកមានចែកលុយឲ្យអ្នកក្រីក្រ នៅទីក្រុងកូឡុំបូ នៃប្រទេសស្រីលង្កា ដោយពេលរដ្ឋទាំងនោះ បានរត់ដណ្តើមប្រាក់គ្នាក្នុងម្នាក់បានប្រហែលជា៨ដុល្លារប៉ុណ្ណោះ។

សារព័ត៌មាន CNA ដែលចេញផ្សាយនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ថា មានមនុស្សម្នាប្រហែលជាង ១០០០នាក់បានឈរតម្រង់ជួរគ្នា នៅខាងក្រៅឃ្លាំងរបស់ពាណិជ្ជករអ្នកមានម្នាក់ ដើម្បីរង់ចាំការចែកទានប្រចាំឆ្នាំរបស់គាត់ ក្នុងកំឡុងខែតមអាហារនៃបុណ្យរ៉ម៉ាដន ដោយម្នាក់ៗនឹងអាចទទួលបានប្រាក់ប្រហែល៨ដុល្លារ ប៉ុន្តែដោយសារមានមនុស្សម្នាច្រើនពេក អ្នកខ្លះអន្ទះសារចង់បាន និងបារម្ភខ្លាចអស់អំណោយទាន ក៏បានព្យាយាមបំបែកជួរ ហើយរុលទៅមុខ បណ្តាលឲ្យស្ត្រី៣នាក់ដែលនៅខាងមុខគេ ដួលទៅនឹងដី ហើយត្រូវមនុស្សម្នាជាន់រហូតដល់ស្លាប់ តែម្តង។

សារព័ត៌មានដដែល បញ្ជាក់ថា ក្នុងហេតុការណ៍នោះ ក៏មានមនុស្ស ៩នាក់ផ្សេងទៀតរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែក សពស្រ្តីរងគ្រោះទាំង៣នាក់ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕