ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ចោទប្រកាន់ស្ត្រីវ័យចំណាស់ជាភ្ញៀវម្នាក់ថា បន្លំឲ្យលុយក្លែងក្លាយ តែស្ត្រីដែលជាភ្ញៀវប្រាប់ថា ខ្លួនច្រឡំឲ្យលុយសែន បង្កជាជម្លោះឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចក្បែរវិទ្យាល័យជាស៊ីមសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

បើតាមអ្នករត់ម៉ូតូកង់បី ឈ្មោះ ស៊ីណេត អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HH-6222 ដឹកស្ត្រីគូជម្លោះខាងលើ ពីអតីតរង្វង់មូលទួលគោក ទៅផ្សារសាមគ្គី ដោយមិនបាននិយាយពីតម្លៃដឹកនោះទេ ។

លុះពេលមកដល់គោលដៅ ស្ត្រីរូបនោះក៏បានហុចក្រដាសប្រាក់៥ដុល្លារ ឲ្យមកគាត់។ ពេលនោះគាត់ដឹងថា ជាក្រដាសប្រាក់ក្លែងក្លាយ ក៏បានហុចក្រដាសប្រាក់៥ដុល្លារ នោះឲ្យទៅស្ត្រីនោះវិញ ដោយប្រាប់ថា ក្រដាសប្រាក់៥ដុល្លារនេះរហែក មានក្រដាសប្រាក់ផ្សេងឬអត់? ។ ស្ត្រីនោះ ក៏បានហុចក្រដាសប្រាក់៥ដុល្លារថ្មី មួយសន្លឹកទៀត តែជាក្រដាសប្រាក់ក្លែងក្លាយដដែល ទើបគាត់ទប់កំហឹងមិនបាន ក៏ដេញស្ត្រីរូបនោះឲ្យចុះពីលើម៉ូតូកង់បីរ ហើយស្រែកប្រាប់ថា នាងឯងកុំចង់យកលុយក្លែងក្លាយមកបោកអញ ។ តែស្ត្រីនោះក៏បានស្រែកមកគាត់វិញថា ”លុយក្លែងក្លាយស្អីគេ?”និងបានចោទប្រកាន់គាត់ថា និយាយមើលងាយខ្លួន រួចក៏មានការប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយភ្លាមៗនោះ ស្ត្រីខាងលើក៏បានព្យាយាមដើរគេចខ្លួនចេញពីកន្លែងកើតហេតុ បានចម្ងាយប្រមាណ២០ម៉ែត្រ កាត់ក៍បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍តែម្តង។

ស្ត្រីដែលជាភ្ញៀវខាងលើ ដែលសូមមិនបានបញ្ចេញឈ្មោះ បានឆ្លើយដោះសារថា ក្រដាសប្រាក់ក្លែងក្លាយទាំងនោះ គឺនាងទុកយកទៅដុតនៅព្រះអង្គដង្កើ ខាងមុខព្រះបរមរាជវាំង ដើម្បីរំដោះគ្រោះ ព្រោះមានគ្រូទាយថា ឆ្នាំនេះនាងមានគ្រោះធំ ហើយទល់តែនាងដុតក្រដាសប្រាក់សែននេះ ទើបអាចរំដោះគ្រោះនេះបាន។ ហើយក្រដាសប្រាក់ក្លែងក្លាយដែលនាងឲ្យទៅអ្នករត់ម៉ូតូកង់បីនោះ គឺនាងច្រឡំនោះទេ ហើយស្រីរូបនេះ បានឲ្យក្រដាសប្រាក់៥ដុល្លារពិត ទៅអ្នករត់ម៉ូតូកង់បីនោះ តែបុរសនោះមិនយកទេ។

បន្ទាប់មក ស្ត្រីរូបនោះបានបើកកាបូបលុយឲ្យសមត្ថកិច្ចពិនិត្យមើល ឃើញមានក្រដាសប្រាក់ពិតមួយចំនួន និងក្រដាសប្រាក់ក្លែងក្លាយ២០ដុល្លារមួយសន្លឹក និង៥ដុល្លារបីសន្លឹក។

ក្រោយពេលកើតហេតុ បុរសជាអ្នកបើកបរម៉ូតូកង់បីខាងលើ មិនចង់មានរឿងវែងឆ្ងាយ ក៏បានបើកម៉ូតូកង់បីចាកចេញពីកន្លែងកើតហេតុ ដោយមិនទាមទារថ្លៃដឹកពីស្ត្រីខាងលើនោះទេ ។

ចំណែកស្រីម្នាក់នោះ សមត្ថកិច្ចដឹងច្បាស់ថា ពិតជាមានចេតនាចាយលុយក្រដាសប្រាក់ក្លែងក្លាប្រាកដមែននោះ ក៏បាននាំទៅធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕