ខេត្តរតនគិរី ៖ ស្រ្តីជាប់ឃុំឃាំងម្នាក់ ពីបទកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាននៅខេត្តរតនគិរី បានស្លាប់ ពេលដឹកចេញពីពន្ធនាគារទៅកាន់មន្ទីរពេទ្យ ហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកលាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំមន្ត្រីពន្ធនាគារ មន្ត្រីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ត្រីនគរបាលបច្ចេកទេស នៃស្នងការនគរបាលខេត្ត ធ្វើកោសល្យវិច័យលើសពស្ត្រីរងគ្រោះ។

ស្ត្រីរងគ្រោះមានឈ្មោះ បិន ឈាង អាយុ៥៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើត្រូវបានចាប់ខ្លួនពី «បទកាប់រានដីព្រៃក្នុងដែនជម្រកបរិស្ថាន»។ រួមជាមួយជនជាប់ចោទម្នាក់ទៀត មានឈ្មោះ អ៊ំ ធា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់។ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រជាពលរដ្ឋប្រមាណ៧០នាក់ មកពីស្រុកលំផាត់ បានលើកគ្នាមកមន្ទីរបរិស្ថាន ដើម្បីឲ្យមានការដោះលែងពួកគេទាំង២នាក់ តែមិនបានទទួលលទ្ធផលអ្វីនោះទេ។លុះដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មានពលរដ្ឋជាច្រើនរយនាក់ បានលើកគ្នាមកមុខសាលាខេត្តម្តងទៀត ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះលែងជនជាប់ចោទទាំង២នាក់ ប៉ុន្តែនៅតែមិនទទួលលទ្ធផលទៀត។ លុះរហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ត្រីរងគ្រោះ ក៏បានស្លាប់តែម្តង។

លោកអ៊ុក គឹមជន អាគានុរ័ក្សពន្ធធនាគារភ្នំស្វាយ បានឱ្យដឹងថា ស្ត្រីជាប់ចោទខាងលើមានអាការឈឺរ៉ាំរ៉ៃ ដោយជំងឺលើសឈាម និងទឹកនោមផ្អែម។ លុះអាការជំងឺធ្វើទុក មន្ត្រីពន្ធនាគារ បានពេលបញ្ជូនស្រ្តីជាប់ចោទទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យក្រុមគ្រូពេទ្យសង្គ្រោះមិនទាន់ក៏បានបាត់បង់ជីវិតតែម្តង។

ដោយឡែក លោកហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែក បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកឱ្យដឹង នៅព្រឹកថ្ងៃទី២១ ខែឧសភា ថា ស្ត្រីជាអ្នកទោសខាងលើបានស្លាប់ មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានចុះធ្វើកោសល្យវិច័យសពស្រ្តីរងគ្រោះ រួចប្រគល់សពឱ្យសាច់ញាតិចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕