ភ្នំពេញ៖ ក្រោយពីអ្នកលេងបណ្តាញសង្គមមា្នក់បានយករូបថតដែលលោកកំពុងរៀបឥដ្ឋ និងសរសេរថាតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួនក្លាយជាកម្មករសំណង់មក តារាចម្រៀង ជើងចាស់ម្នាក់នេះ បានចេញមុខបដិសេធថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងនោះទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយគ្រួសារ។

តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានថ្លែងថា រូបថតនោះគឺពិតជារូបលោកប្រាកដមែន ប៉ុន្តែលោកមិនធ្លាក់ខ្លួនក្លាយជាកម្មករសំណង់ទេ ពោលគឺក្រោយទំនេរពីការងារ លោកជួយការងារផ្ទះបងប្អូនប៉ុណ្ណោះ ព្រោះលោកក៏ចេះការងារនេះខ្លះដែរ។
ពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនៗ ហើយលោកមានផ្ទះបីកន្លែង គឺទី១ វីឡាកូនកាត់នៅខាងត្បូង វត្តជំពុះក្អែក , វីឡាទី២ នៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ និងមានដីនៅខេត្តកំពង់ស្ពឺ ទៀតផង ។

លោកណូយ វ៉ាន់ណេត បានបញ្ជាក់ថា រូបលោកដែលកំពុងរៀបឥដ្ឋធ្វើសំណង់នោះ គឺលោកជួយរៀបឥដ្ឋធ្វើជញ្ជាំងឲ្យកូន ដោយសារខ្ចិលជួលជាង នាំអស់លុយច្រើន ព្រោះលោកចេះផ្នែកសាង់សង់ដែរគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះលោក មានជីវភាពធូរធាមិនខ្វះខាត មិនបានធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ដូចគេបង្ហោះតាមហ្វេសប៊ុកនោះឡើយ។

គួរបញ្ជាក់ដែរថា លោក ណូយ វ៉ាន់ណេត មានកូន៥នាក់ ។ លោកបានចូលនៅឆ្នាំ១៩៨៦សិល្បៈ ហើយល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០។ បច្ចុប្បន្នលោកមានទីលំនៅ នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕