បរទេស៖ ក្រុមហ៊ុន​​ផលិត​គ្រឿង​អេឡិចត្រូនិក​​របស់​ជប៉ុន​ដ៏​ធំ​មួយ​ Panasonic ​នឹង​បិទ​រោង​ចក្រ​ដ៏​ធំ​មួយ​នៅ​ក្បែរ​ទីក្រុង​បាងកក​​អំឡុង​ពេល​ព្យុះភ្លៀង​ដោយ​សារ​តែ​កូវីដ​១៩​ ហើយ​សម្រេច​​ទៅ​បោះ​ទីតាំងទៅកាន់​ប្រទេស​វៀតណាម​វិញ ជាមួយការកាត់បន្ថយកម្មករ ៨០០នាក់នៅក្នុងប្រទេសថៃ។ នេះ​បើ​តាមការចុះផ្សាយរបស់សារព័ត៌មាន​​ Nikkei Asian Review នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រុមហ៊ុន Panasonic បានគូសបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «Panasonic នឹងរៀបចំឡើងវិញ នូវទីតាំងផលិតបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងរើរោងចក្រផលិតទូរទឹកកក និងម៉ាស៊ីនបោកខោអាវ ចេញពីប្រទេសថៃទៅដាក់នៅប្រទេសវៀតណាមវិញ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា Panasonic នឹងកាត់បន្ថយកម្មករ ៨០០នាក់នៅក្នុងប្រទេសថៃ ជាផ្នែកមួយនៃផែនការសន្សំសំច្ចៃថវិកា ហើយក្រុមហ៊ុននឹងព្យាយាមផ្ដល់ការងារឱ្យកម្មករមួយចំនួនប៉ុណ្ណោះ ដោយផ្អែកលើសមត្ថភាពរបស់ពួកគេ។

សារព័ត៌មានដដែល បានដឹងថាក្រុមហ៊ុន Panasonic នឹងបិទរោងចក្រផលិតគ្រឿងប្រើប្រាស់ដ៏ធំមួយនៅខាងក្រៅទីក្រុងបាងកក ហើយនិងពង្រឹងផលិតកម្មនេះទៅកាន់រោងចក្រធំមួយនៅប្រទេសវៀតណាមវិញម្តង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ជាងនេះទៀត។ សូមបញ្ជាក់ថាក្រុមហ៊ុន Panasonicនេះ បានផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធំៗជាច្រើន នៅប្រទេសថៃតាំងពីឆ្នាំ ១៩៧៩មកម្លេះ។

គួរបញ្ជាក់ថា ក្រមហ៊ុន Panasonic Appliances នៅក្នុងប្រទេសថៃ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ នឹងបិទទ្វារនៅចុងខែមីនា ឆ្នាំ២០២១ ហើយបន្ទាប់ពីបិទទ្វារ ក្រុមហ៊ុននឹងនៅសល់កម្មករប្រមាណ ១៣,៧០០នាក់ នៅតាមរោងចក្រផលិតគ្រឿងអេឡិចត្រូនិចខ្នាតតូច និងថ្មពិលនៅក្នុងប្រទេសថៃ​ ៕