ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានកម្មករម្នាក់បានដុតសំរាមចោលនៅក្បែរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ក្នុងស្រុកមង្គលបូរី ស្រាប់តែពេលនោះ ភ្លើងរាលដាល់ឆេះដល់ព្រៃកក់ក្នុងបឹង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមានការភិតភ័យនាំគ្នារត់ចេញមកក្រៅប្រសាច។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់អ្នកកាសែតក្នុងស្រុកឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករម្នាក់បានដុកសំរាមនៅកន្លែងជិតបឹងកក់នោះដោយមិនបានពន្លត់ក្រោយមកទៀតភ្លើងបានឆេះរាលដាល់កក់ក្នុងបឹងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមានការភិតភ័យនាំគ្នារត់ចេញមកក្រៅបន្ទប់សម្រាក។

លោកអភិបាលស្រុកបន្តថា ភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកមង្គលបូរី ជាច្រើនគ្រឿង បានចេញមកបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំអស់រយៈពេល២ម៉ោងទើបភ្លើងរលត់អស់ទាំងស្រុងតែម្តង មិនបណ្តាលឲ្យរាលឆ្លងឆេះដល់មន្ទីរពេទ្យ និងគ្មានមនុស្សណាម្នាក់រងរបួសទេ៕