រាជធានីភ្នំពេញ ៖ នារីជាអ្នកលក់ដូរតាមអនឡាញម្នាក់ បានខ្ចីលុយពីស្រ្តីជាមន្ត្រីនគរបាល ដែលមនុស្សស្គាល់គ្នាជិត៩ពាន់ដុល្លារ មិនព្រមសងវិញសោះ ធ្វើឲ្យស្រ្តីជាម្ចាស់លុយទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ធ្វើការចាប់ខ្លួននារីកូនបំណុល ចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខុនដូរីវើរ៉ា កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីដែលខ្ចីលុយគេមិនព្រមសង មានឈ្មោះនេត កញ្ញារី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (តាមអនឡាញ) ស្នាក់នៅខុនដូរីវើរ៉ា កោះពេជ្យ ផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកស្រ្តីជាម្ចាស់បំណុលមានឈ្មោះមាស តឿ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាល ស្នាក់នៅផ្ទះលេខ៦៤៦ ផ្លូវជាតិ២ ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នារីជាកូនបំណុលបានខ្ចីលុយពីស្រ្តីជាម្ចាស់បំណុលចំនួន៨៥០០ដុល្លារ តែមិនបានសងវិញសោះ ធ្វើឲ្យស្រ្តីជាម្ចាស់បំណុលទ្រាំលែងបាន ក៏ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួននារីជាកូនបំណុល ចាត់ការតាមផ្លូវច្បាប់តែម្តង។

ក្រោយពីសាកសួររួចរាល់ សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកសាងសំណុំរឿងបញ្ជូននារីសង្ស័យទៅសាលារាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕