តៃវ៉ាន់ ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេស​អា​មេ​រិ​ក បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​បាន​យល់ព្រម​លក់​គ្រាប់​មី​ស៊ី​ល​(torpedoes) ដែល​អាច​បំពាក់​លើ​នាវាមុជទឹក ឬ​ជា​ប្រភេទ​មី​ស៊ី​ល​ប្រដេញ​ក្នុង​ទឹក ចំនួន​១៨​គ្រាប់​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ក្នុង​តម្លៃ​ប្រមាណ ១៨០​លាន​ដុល្លារ ក្នុង​ទ​ង្វើ​មួយ​ដែល​បង្ក​ឱ្យ​ចិន​ក្តៅស្លឹកត្រចៀក និង​ធ្វើ​ឱ្យ​ស្ថានភាព​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ កាន់តែ​តានតឹង ។ នេះ​បើតាមសារ​ព័ត៌មាន CNA ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២០ ។​

ទោះបីជា​យ៉ាងណា​ សហរដ្ឋអាមេរិក​ បាន​ចាត់​ទុក​ការ​លក់​នេះ​ គឺ​ជា​ប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​។​ ​ក្រសួងការបរទេស​ ប្រកាស​ថា “​ការ​លក់​នេះ ​បាន​បម្រើ​ដល់​ផលប្រយោជន៍​ជាតិ សេដ្ឋកិច្ច​ និង​សន្តិសុខ​របស់​សហរដ្ឋអាមេរិក ​ដោយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ទទួល​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន ​និង​រក្សា​នូវ​សមត្ថភាព​ការពារ ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​” ​។​

​ក្រសួង​ បាន​បន្ថែម​ថា ការ​លក់​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​របស់​អ្នក​ទទួល​ និង​ជួយ​ក្នុង​ការ​រក្សា​ស្ថេ​រ​ភាព​នយោបាយ តុល្យភាព​យោធា​ និង​វឌ្ឍនភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ​។​

​ក្រសួងការបរទេស​បានបញ្ជាក់​ថា មីស៊ីល 18 MK-48 Mod6 ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក​ កំពុង​ត្រូវ​បាន​ផ្គត់ផ្គង់​ពី​ស្តុក​ដែល​មាន​ស្រាប់​ របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក ​។​

គួរបញ្ជាក់ថា ការប្រកាសលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់ កើតមានឡើងក្នុងតែថ្ងៃមួយ ដែលលោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ស្បថឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ សម្រាប់អាណត្តិទី ២ របស់លោកស្រី ។ ទន្ទឹមគ្នានេះ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​បន្ត​ការ​អនុវត្ត​បែប​នេះ​ទៀត​ ។ ជា​រឿយ​ៗ ចិន​តែងតែ​ថ្កោលទោស ចំពោះ​ការ​លក់​អាវុធ​របស់​សហរដ្ឋអាមេរិក ឱ្យ​កោះ​តៃវ៉ាន់​ ដែល​ខ្លួន​ចាត់​ទុក​គ្រាន់តែ​ខេត្ត​មួយ​របស់​ចិន​តែ​ប៉ុណ្ណោះ ហើយចិន ​នឹង​ប្រើប្រាស់​កម្លាំងយោធា​បង្រួបបង្រួម​ជាតិ ​នៅ​ក្នុង​ករណី​ដែល កោះតៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​ ។

​កោះ​តៃវ៉ាន់​ត្រូវ​បាន​គ្រប់គ្រង​ដាច់​ដោយឡែក​ពី​ចិនដីគោក​ ចាប់តាំងពី​ឆ្នាំ​១៩៤៩​ មក​ បន្ទាប់​ពី​ក្រុម​អ្នក​ជាតិនិយម​បាន​ចាញ់​សង្គ្រាមស៊ីវិល​ ក្រោម​ដៃ​ពួក​កុ​ម្មុ​យ​និ​ស្ត​ ហើយ​បាន​ភៀសខ្លួន​ទៅ​កាន់​កោះ​នេះ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែល​ជា​គូប្រជែង​ ។​ ​យ៉ាងណា​ក៏​ដោយ ទីក្រុង​ប៉េ​កាំ​ង​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ដណ្តើម​កាន់កាប់​ដោយ​កម្លាំង​ បើសិនជា​ចាំបាច់​ ។​ ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​កាត់​ផ្តាច់ចំណង​ការទូត​ជាមួយ​ទីក្រុង​តៃប៉ិ​ ក្នុង​ឆ្នាំ​១៩៧៩ ​ដើម្បី​ទទួលស្គាល់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ថា​ ជា​ស្ថាប័ន​គ្រប់គ្រង​ស្របច្បាប់​តែ​មួយ​គត់​របស់​ចិន​ ប៉ុន្តែ​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់​ ៕