ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​ចំនួន​២​នាក់ ដែល​មន្ត្រី​បរិស្ថាន​ខេត្ត​ឃាត់ខ្លួន​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​ដែន​ជម្រកសត្វព្រៃ​លំ​ផាត់​និង​កំពុង​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ បាន​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ដែល​មន្ត្រី​បរិស្ថាន​ចាប់​ឃាត់ខ្លួន រួមមាន​ទី​១ ឈ្មោះ អ៊ំ ធា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​សាមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ។ និង​ទី​២ ឈ្មោះ បិ​ន ឈាង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កា​ឡែ​ង ឃុំ​សេ​ដា ស្រុក​លំ​ផាត់ បាន​(​ស្លាប់​) មុន​ពេល​ដឹក​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។

លោក អ៊ុ​ក គឹ​ម​ជន ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ស្លាប់​នោះ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ដូច​ជា​លើសឈាម និង​ទឹកនោមផ្អែម​ជាដើម និង​បាន​ធ្វើ​ទុក​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរពេទ្យ ។

ដោយឡែក​បើ​តាម​លោក​វេជ្ជបណ្ឌិត ហ៊ីង ផា​ន សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ បិ​ន ឈាង បាន​ស្លាប់​មុន​ពេល​ដឹក​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សូម​ជម្រាប​ថា ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​ពន្ធនាគារ​ភ្នំ​ស្វាយ លោក​វេជ្ជបណ្ឌិត និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចូលរួម​ការ​ធ្វើ​កោសល្យវិច័យ​លើ​សព ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​វត្ត​ជំរុំ​៣​ស្រុក ក្នុង​ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី តាម​ប្រពៃណី ។

សូម​រម្លឹក​ថា ជន​ត្រូវ​ជាប់ចោទ​ទាំង​២​នាក់​ខាងលើ ស្ត្រី​ឈ្មោះ បិ​ន ឈាង​(​ស្លាប់​) និង​ឈ្មោះ អ៊ំ ធា ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្ត​ឃាត់ខ្លួន ពី​បទ​កាប់​រុករាន​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០២០ ។ ក្រោយមក មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥​ភូមិ បាន​លើកគ្នា​មក​តវ៉ា នៅ​មុខ​មន្ទីរ​បរិស្ថាន​ខេត្ត នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ២០២០ ដើម្បី​ឲ្យ​មន្ត្រី​បរិស្ថាន​ទាំងនោះ ដោះ​លែង​ពួក​គាត់​ទាំង​២​នាក់​វិញ ។ បន្ទាប់​មក​ទៀត លោក លន់ សុភាព អភិបាលរង​ខេត្ត ទទួល​បន្ទុក​ផ្នែក​សម្របសម្រួល បាន​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ទៅ​កាន់​សាលាខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ប៉ុន្តែ​ជា​លទ្ធផល មិន​អាច​រក​ដំណោះស្រាយ​បាន ៕