បរទេស៖ នាថ្ងៃពុធ ទី២០ ខែឧសភានេះ គឺជាថ្ងៃដែលប្រធានាធិបតី​តៃវ៉ាន់​ លោកស្រី​ ឆៃ អ៊ីង​វេន បានស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ទី២ លោកស្រីបានអះអាងថា ​ តៃវ៉ាន់​ព្រម​ចូល​តុ​ចរចាជាមួយ​ចិន​ ក៏​ប៉ុន្តែ​តៃវ៉ាន់​ មិន​ព្រម​ជាដាច់ខាត​ក្លាយជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​។ ការ​ប្រកាស​បែបនេះ​ បាន​ធ្វើឲ្យ​ចិន​ផ្ទុះ​កំហឹង​ជាខ្លាំង​ និង​ឆ្លើយតប​វិញ​ភ្លាម​ថា​ ទីក្រុង​ប៉េកាំង​ មិន​អាច​ឈរ​ឱបដៃ​មើល​តៃប៉ិ​ បំបែក​ខ្លួន​ចេញពី​ប្រទេស​ចិន​និង​ប្រកាស​ឯករាជ្យ​បាន​ជា​ដាច់​ខាត​ ដែលជាហេតុធ្វើឲ្យមានសង្គ្រាម​ពាក្យ​សម្តី​រវាង​ចិន​និង​តៃវ៉ាន់​ចាប់​ផ្ទុះ​ឡើង​ជាថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC

លោកស្រី ឆៃ អ៊ីង​វេន អាយុ៦៣ឆ្នាំ ដែលបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិទីពីរ កាលពីខែមករា ត្រូវបានទីក្រុងប៉េកាំងស្អប់ខ្ពើមដោយសារគណបក្សរបស់លោកស្រី ចាត់ទុកកោះតៃវ៉ាន់​ ថាជារដ្ឋអធិបតេយ្យភាពជាក់ស្តែង និងមិនមែនជាផ្នែកនៃប្រទេសចិន។ ចាប់តាំងពីលោកស្រីចូលកាន់តំណែងលើកដំបូងក្នុងឆ្នាំ២០១៦ ប្រទេសចិន បានបដិសេធការផ្តល់ជូននូវកិច្ចពិភាក្សានានា និងបង្កើនសម្ពាធសេដ្ឋកិច្ចយោធា និងការទូតនៅលើកោះនេះ។

បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន​ ហើយនិង​កោះ​តៃវ៉ាន់​​ ត្រូវ​បាន​គេ​ចុះផ្សាយ​ព្រោងព្រាត​នៅ​តាម​បណ្តា​សារព័ត៌មាន​អន្តរជាតិ​ធំៗ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ ជាពិសេស​នៅ​ថ្ងៃ​ ទី​ ២០​ ឧសភា នេះ​តែ​ម្តង​។ ពោល​គឺ​បន្ទាប់​ពី​លោកស្រី​ ឆៃ​ អ៊ីងវេន​ ប្រធានាធិបតី​តៃវ៉ាន់​ បាន​និយាយ​បញ្ជាក់ពី​ចេតនា​របស់​តៃវ៉ាន់​សាជាថ្មី​ ថា​ ព្រម​ចូល​តុ​សន្ទនា​ជាមួយ​ចិន​ ក៏ប៉ុន្តែ​តៃវ៉ាន់​ មិន​ព្រម​ជាដាច់​ខាត​រស់នៅ​ក្រោម​ការត្រួតត្រា​របស់​ចិន​ដីគោក​ ក្រោម​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធពីរ​។ ជា​គំរូ​នយោបាយបាយ​ដូច​ដែល​ដែនដី​ហុងកុង​អនុវត្តន៍​ជាមួយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ដែរ​។

មួយវិញទៀត​ គេ​កត់​សម្គាល់​ទៀត​ថា​ ការ​ប្រកាស​មិន​ទទួល​ស្គាល់​ថា​តៃវ៉ាន់​ ជា​ផ្នែក​មួយ​របស់​ចិន​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​ផងដែរ​ ក្រោយពី​អង្គការ​សុខភាព​ពិភពលោក ​មិនព្រម​ទទួល​ឲ្យ​តៃវ៉ាន់​ចូលរួម​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ទៅតាម​ការចង់​បាន​របស់​ចិន​។

តៃវ៉ាន់​ ខឹង​សម្បា​ និង​ខក​ចិត្ត​ខ្លាំង​មែនទែន​ ការណ៍​ដែល​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​មហាសន្និបាត​ប្រចាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ បើទោះជា​តៃវ៉ាន់​ ជា​ប្រទេស​ទទួល​បាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩​ ក្តី ​និង​បើទោះជា​ មាន​ប្រទេស​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋអាមេរិក​និង​នូវែលសេឡង់​ផង​ គាំទ្រ​ចំពោះ​បេក្ខភាព​របស់​កោះតៃវ៉ាន់​ក្នុង​នាម​ជា​ប្រទេស​អង្កេតការណ៍​នៅ​អង្គការ​សុខភាព​ពិភពលោក​។

ក្រោយពី​បាន​ឮ​នូវ​ការ​សម្រេច​របស់​អង្គការ​សុខភាព​ពិភពលោក​ភ្លាម​ កោះ​តៃវ៉ាន់​ បាន​ចោទ​ប្រកាន់​ប្រទេស​ចិនភ្លាមតែម្តង​ថា​បាន​ដាក់​សម្ពាធ​លើ​ស្ថាប័ន​សុខភាព​កំពូល​មួយ​នេះ​ មិនឲ្យ​ផ្តល់​កៅអី​ជា​អ្នក​សង្កេតការណ៍​មួយ​នៅ​អង្គការ​សុខភាព​ពិភពលោក​។

តែ​សម្រាប់​ក្រុង​ប៉េកាំង​វិញ​ កោះ​តៃវ៉ាន់​ គឺ​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ ហើយ​តៃវ៉ាន់​គ្មាន​សិទ្ធិ​ឬក៏​មាន​មុខមាត់​អី​ អង្គុយ​លើ​កៅអី​មួយ​ក្នុង​នាម​ជា​ប្រទេស​សង្កេតការណ៍​ របស់​មហា​សន្និបាត​សុខភាព​ពិភពលោក​ឡើយ​។

បន្ថែមលើនេះ​ នៅថ្ងៃ​ពុធ​នេះ​ ចិន​ហាក់​កាន់តែ​ក្តៅ​ស្លឹក​ត្រចៀក​ខ្លាំង​ទ្វេឡើង​ក្រោយ​បាន​ឮ​ ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់​លោក​ស្រី​ឆៃ អ៊ីងវេន​ បញ្ជាក់​ពី​គោលជំហរ​ម៉ឺងម៉ាត់​ ចង់​បាន​ស្វ័យភាព​ ឯករាជ្យ​ និង​មិន​ទទួល​យក​នយោបាយ​ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ​ ដូចការ​ស្នើ​របស់​ខ្លួន​។

បើតាម​ប្រតិកម្ម​ដាច់ណាត់​របស់​មន្ត្រី​រដ្ឋាភិបាល​ចិន​ គេអាច​សន្និដ្ឋាន​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នឹង​មិន​ព្រម​ចូល​តុ​សន្ទនា​ជាមួយ​រដ្ឋាភិបាល​កោះតៃវ៉ាន់​ឡើយ​ ប្រសិន​ណាបើ​តៃវ៉ាន់​នៅតែ​រក្សា​ចិត្ត​ ចង់​បំបែក​ខ្លួនចេញ​ពី​ចិន​ និង​ចង់​ប្រកាស​ឯករាជ្យ​នៅ​ទីបំផុតទៅ​។

នយោបាយ ​“ចិនតែមួយ​” គឺ​ជា​នយោបាយ​ដ៏សំខាន់​បំផុតមួយ​របស់​រដ្ឋាភិបាល​ចិន​នៃ​លោកស៊ី​ ជីនពីង​ នា​ពេល​បច្ចុប្បន្ន​។ ចិន ​តែងតែ​ចាត់ទុក​ថា តៃវ៉ាន់​គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ការ ​ក្រសោប​យក​តៃវ៉ាន់ ​មកបញ្ចូល​ក្នុង​ទឹកដី​ចិន​តែមួយ​វិញ គឺ​ជា​បញ្ហា​ទាក់ទង​នឹង​មោទនភាព​ជាតិ​ ព្រមទាំង​ភាពខ្លាំង​របស់​ចិន​ដើម្បី​ឈោង​ទៅចាប់​តំណែង​ជា​មហាអំណាច​ពិភពលោក​ពី​សហរដ្ឋ​អាមេរិក​។ ដូច្នោះហើយ​ រឿង​ជួប​សន្ទនា​ជាមួយ​រដ្ឋាភិបាល​តៃវ៉ាន់​ ដឹកនាំ​ដោយ​អ្នក​ឯករាជ្យ​និយម​ដូច​ជាលោកស្រី​ ឆៃ​ អ៊ីងវេន​នេះ​ គឺ​ជារឿង​ពិបាក​ទៅ​រួច​ណាស់​សម្រាប់​ចិន​ប៉េកាំង​។

ដោយឡែក​ ពីខាង​ក្រុង​តៃ​ប៉ិ​វិញ​ បើទោះបីជា​ នៅ​រក្សា​ជំហរ​ មិន​ព្រម​រស់​នៅក្រោម​របប​ចិន​តែ​មួយ​ និង​បាន​ប្រកាស​ស្នើឲ្យ​ចិន​ រស់នៅ​ប្រកប​ដោយ​សន្តិភាព​ជាមួយគ្នា​ តែ​មេដឹកនាំ​តៃវ៉ាន់​ ក៏​បាន​ប្រកាស​ព្រម​ចូលតុ​សន្ទនា​ជាមួយ​ដើម្បីស្វែងរក​សន្តិភាព​ជាមួយ​ភាគីចិនដែរ​ ៕