ពិតជា​មិន​ចេះ​អស់​មែន​សម្រាប់​ក្រុម​អ្នក​វាយប្រហារ ក្នុង​ការ​ធ្វើ​សកម្មភាព​វាយលុក​ទៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដើម្បី​ទាមទារ​ផល់​ប្រយោជន៍​ផ្សេង​ៗ ។ ដូច​ជា​ពេល​ថ្មី​ៗ​នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Forbes បាន​ផ្សព្វផ្សាយ​ថា​មាន ក្រុម​អ្នក​វាយប្រហារ​មួយ (REvil) បាន​លួច​យក​ទិន្នន័យ​ប្រមាណ 756GB (gigabytes) ពី​ការិយាល័យ​មេធាវី​ដែល​មាន​អតិថិជន​ភាគច្រើន​ជា​សិល្បករ​ល្បី​ៗ​មាន​ដូច​ជា Lady Gaga, Bruce Springsteen, Ella Mai, Christina Aguilera, Mariah Carey, Bette Midler, Jessica Simpson, Priyanka Chopra និង​ក្រុមហ៊ុន Facebook ជាដើម​។

ដំបូង​ក្រុម​អ្នក​វាយប្រហារ បាន​ធ្វើការ​ទាមទារ​ប្រាក់​ចំនួន ២១​លាន​ដុល្លារ​ពី​ក្រុម​មេធាវី ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំងនោះ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​នេះ​ត្រូវ​បាន​ដំឡើង​ទៅ ៤២​លាន​ដុល្លារ​ដោយ​ពួក​គេ​បាន​អះអាង​ថា មាន​ទិន្នន័យ​របស់​លោក​ប្រធានាធិបតី Donald Trump ផង​ដែរ ។

នេះ​ជា​ការ​ក្រើនរំឭក​មួយ​សម្រាប់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​តាម​បណ្តាញ​អុ​ី​ន​ធឺ​ណេ​ត ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព និង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់ និង​ត្រូវ​មាន​ប្រព័ន្ធ​សុវត្ថិភាព កម្មវិធី​កម្ចាត់​មេរោគ ប្រើ​លេខ​សម្ងាត់​ដែល​លំបាក​នឹង​ស្មាន​បាន កុំ​រក្សា​ទុក​លេខ​សម្ងាត់​ឬ​ឯកសារ​សំខាន់​ៗ​ក្នុង​កុំព្យូទ័រ ដើម្បី​ជៀសវាង​ការ​លួច​យក​ទិន្នន័យ​មិន​ត្រឹមតែ​ពី​ក្រុម​អ្នក​វាយប្រហារ ជា​ពិសេស​ពី​មនុស្ស​ដែល​លោក​អ្នក​ទុកចិត្ត​ឱ្យ​ប្រើ ឬ​អ្នក​ជួសជុល​កុំព្យូទ័រ​ខ្លះ​ៗ​នោះ​តែ​ម្ដង ៕

ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា