ស្រាវជ្រាវដោយឈឹម សេរីភួន ៖ ទោះបីលោកយ៉ែម សំបូរ ត្រូវបាត់ឈ្មោះពេលលោកប៉ែន នុត បានឡើងជានាយករដ្ឋមន្ត្រី ក៍ពិតមែន ក៍លោកយ៉ែម សំបូរ នៅតែមានលទ្ធភាពប្រមូលបក្សពួក ផ្ដួលរំលំរដ្ឋាភិបាលលោកប៉ែន នុត ដោយយកករណីលោកមៀច គន្ធ រដ្ឋមន្ត្រីហិរញ្ញវត្ថុ របស់លោកនាយករដ្ឋមន្ត្រីប៉ែន នុត ប្រើឥទ្ធិពលរបស់ខ្លួន ឃុបឃិតឱ្យសាច់ញាតិរបស់គាត់ដេញថ្លៃយកបានឡូត៍នេសាទមួយមិនមានតម្លាភាព និងមិនមានយុត្តិធម៍នោះ មកធ្វើជាលេស ។

ក្រោយពីមានរឿងអាស្រូវនោះមក ព្រះមហាក្សត្រនរោត្ដម សីហនុ ស្នើតែងតាំងលោកយ៉ែម សំបូរ ឲ្យធ្វើជានាយករដ្ឋមន្ត្រីជំនួសលោកប៉ែន នុត ម្ដងវិញ ។ ប៉ុន្តែត្រូវបានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនធ្វើពហិការមិនព្រមចូលប្រជុំអនុម័តបង្កើតរាជរដ្ឋាភិបាលថ្មីនេះ ។

លោកយ៉ែម សំបូរ ដឹងច្បាស់ថា គាត់ត្រូវបានគេដាក់នៅខាងក្រុមភាគតិចនៅក្នុងសភា ហើយសមាជិកសភាភាគច្រើ់នធ្វើពហិការមិនព្រមចូលប្រជុំសភាទៀតនោះ លោកក៏សំណូមពរទៅព្រះមហាក្សត្រឲ្យរំលាយរដ្ឋាសភា និងរៀបចំឲ្យមានការបោះឆ្នោតជាថ្មី ប្រសិនបើសភាមិនព្រមអនុម័តឲ្យគាត់ធ្វើជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលថ្មីនោះទេ ។

ស្ថិតនៅក្នុងសភាពការណ៍ដ៏ចម្រូងចម្រាសនេះ លោកអៀវ កើស ដែលពេលនោះប្រធានគណបក្សប្រជាធិបតេយ្យ និងជាប្រធានរដ្ឋសភា តាំងពីឆ្នាំ ១៩៤៦ មកនោះ បានព្យាយាមរកវិធីគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានទំនាស់ជាមួយព្រះមហាក្សត្រនរោត្ដម សីហនុ លោកបានប្រឹងប្រែងបញ្ចុះបញ្ចូលសមាជិកសភាទាំងអស់មកពីគណបក្សប្រជាធិបតេយ្យ ឲ្យយល់ព្រមចូលប្រជុំអនុម័តគាំទ្រតែងតាំងលោកយ៉ែម សំបូរ ឲ្យឡើងធ្វើនាយករដ្ឋមន្ត្រី តាមសំណើរបស់ព្រះមហាក្សត្រដោយរលូនទៅ ព្រោះរាជសំណើនេះ ក៏សមស្របតាមមាត្រា១ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថាអំណាចគ្រប់យ៉ាង បានមកពីព្រះមហាក្សត្រ ផងដែរ ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ១៩៤៩ លោកយ៉ែម សំបូរ ក៏ត្រូវបានសភាយល់ព្រម អនុម័តឲ្យឡើងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ ដឹករាជរដ្ឋាភិបាលថ្មីនេះ រួមមាន៖ លោកស៊ុម ហៀង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងផែនការ , លោកហ៊ុយ ម៉ោង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ , លោកស្វាយ សូ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ , លោក កុសល ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , លោកផ្លែក ភឺន ជារដ្ឋមន្ត្រីកសិកម្ម សាធារណការ និងគមនាគមន៍ , លោកមាស សាអែម ជារដ្ឋមន្ត្រីក្រសួងអប់រំជាតិ , លោករ៉ាយ ល្មុត ជារដ្ឋមន្ត្រីក្រសួងឧហ្សាកម្ម ពាណិជ្ជកម្ម និងផ្គត់ផ្គង់ , លោកឃុត ឃឿន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងលោកនាល ផ្លែង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសង្គមកិច្ច ។

សមាសភាពគណៈរដ្ឋមន្ត្រីរបស់គណប្សក្រប្រជាធិបតេយ្យថ្មី ដែលដឹកនាំដោយលោកយ៉ែម សំបូរ នេះ ត្រូវបាត់ឈ្មោះលោកសឺន សាន , លោកប៉ែន នុត , លោកឈាន វ៉ន , លោកហ៊ុយ កន្ធុល និងលោកទេព ផន ៕