ជំងឺ​រាតត្បាត Covid-19 ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​មួយ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ជាងគេ​នៅ​លើ​ពិភពលោក​ធ្វើ​ឱ្យ​ប្រជាជន​អា​មេ​រិ​ក​ឆ្លង​ជំងឺ​នេះ​ដល់​ទៅ 1,570,583 នាក់​ នេះ​បើ​តាម​ប្រភព​ពី​គេហទំព័រ​ស្រង់​ទិន្នន័យ worldometers ។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង​ពី អា​មេ​រិ​ក​-​ចិន ស្ងប់ស្ងាត់​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេល​នេះ​មហា​យក្ស​ទាំង​ពីរ​ស្រាប់តែ​ប្រឈម​មុខ​ដាក់​គ្នា​សារ​ជា​ថ្មី​ព្រោះតែ​ជំងឺ​រាតត្បាត Covid-19 ដែល​អា​មេ​រិ​ក​ខឹងសម្បា​ចិន​ជា​ខ្លាំង​រហូត​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ជា​អ្នក​ទម្លាយ​វីរុស​នេះ​ចេញ​មក​ពី​មន្ទីរពិសោធន៍​វូ​ហាន ។

បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Asia Times កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បានឱ្យ​ដឹង​ថា អា​មេ​រិ​កបាន​បញ្ជូន​នាវាចម្បាំង​ដែល​បំពាក់​ដោយ​មី​ស៊ី​ល​ជា​ច្រើន​គ្រឿង និង​កងកម្លាំង​រាប់​ពាន់​នាក់​ទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​សមុទ្រ​ចិន​ខាងត្បូង​នេះ ជា​តំបន់​កំពុង​តែ​ក្តៅ​គគុក​រវាង​ចិន និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត​ដូច​ជា ម៉ា​ឡេ​ស៊ី តៃវ៉ាន់ ព្រុយ​ណេ និង​វៀតណាម ។

សមុទ្រ​ចិន​ខាងត្បូង​នេះ​ត្រូវ​បាន​ប៉េ​កាំ​ង​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែល​គ្មាន​នរណា​អាច​ប៉ះពាល់​បាន ស្រាប់តែ​អា​មេ​រិ​កបាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដោយ​បាញ់​គ្រាប់​ពិត​ចេញពី​នាវាចម្បាំង​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​បញ្ឆេះ​ភ្លើង​ចម្បាំង​កាន់តែ​ខ្លាំង​ឡើយ​នៅ​ទីនោះ ។

ពាក់ព័ន្ធ​នឹង​សមយុទ្ធ​យោធា​នេះ​ដែរ អា​មេ​រិ​កបាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​កាន់​ទីប្រជុំ​កោះ​ដែល​ចិន​កាន់កាប់​ក្នុង​ស​មុ​ទ្ធ​ចិន​ខាងត្បូង​ដោយ​លើក​ហេតុផល​ថា ការពារ​សេរីភាព​ដែនសមុទ្រ ដែល​ទ​ង្វើ​រ​នេះ​អា​មេ​រិ​ក​ចង់​បង្ហាញ​ឱ្យ​ដឹង​ថា សមុទ្រ​ចិន​ខាងត្បូង​ជា​របស់​សមូហភាព​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ចិន​នោះ​ទេ ។

ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​មហា​យក្ស​អា​មេ​រិ​ក​នេះ​គឺជា​កា​រប​ញ្ជេ​ញ​កំហឹង​ទៅ​លើ​បញ្ហា Covid-19 និង​ចង់​បង្ហាញ​សាច់ដុំ​ដើម្បី​កំញើញ​ចិន​ដែល​ជា​បងធំ​នៅ​ក្នុង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​នោះ​តែ​ម្តង ៕