ខេត្តកណ្ដាល ៖ ស្រ្តីម្នាក់ ខណៈកំពុងដើរសុខៗ ស្រាប់តែដួលប្រូសដាច់ខ្យល់ស្លាប់ភ្លាមៗនឹងកន្លែង យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

ស្រ្តីរងគ្រោះឈ្មោះ ខៀវ យ៉ាន អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ប្រភពពីក្រុមគ្រួសារស្រ្តីរងគ្រោះ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានជំងឺសរសៃប្រាសាទជាច្រើនឆ្នាំមកហើយ និងតែងតែផឹកស្រាជាប្រចាំ មិនសូវហូបបាយទេ។ នៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះ បានដើរចេញពីផ្ទះទៅទិញស្រាផឹកតាមទម្លាប់ មិនឃើញត្រឡប់មកវិញសោះ លុះដល់វេលាកើតហេតុ ស្រាប់តែមានអ្នកភូមិបានប្រទះឃើញស្រ្តីរងគ្រោះដួលស្លាប់នៅកន្លែងកើតហេតុ បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច ចុះអន្តរាគមន៍តែម្តង។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសពស្រ្តីរងគ្រោះ រួចបញ្ជាក់ថាស្រ្តីរងគ្រោះស្លាប់ដោយសារខ្យល់គរ មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕