ភ្នំពេញ៖ ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំ ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជន ទាំងអស់ មេត្តាទទួលជ្រាបថា ដើម្បីបំពេញនូវតម្រូវការ ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីក នូវវិសាលភាព គាំទ្រនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន ឲ្យកាន់តែទូលំទូលាយ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្ថែមនូវបណ្តាញប្រតិបត្តិការម៉ាស៊ីនអេធីអឹម អេស៊ីលីដា ចំនួន ១១៥ គ្រឿង ចាប់ពីខែឧសភា ឆ្នាំ២០២០នេះ ដែលសរុបទាំងអស់ចំនួន ៧៥១ គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើជូនសាធារណជនអាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “មានរយៈពេល១៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការ ប្រើប្រាស់ម៉ាស៊ីនអេធីអឹម អេស៊ីលីដា ជូនអតិថិជនធ្វើប្រតិបត្តិការសេវាកម្មធនាគារបានយ៉ាងរហ័ស ដោយអតិថិជនអាចជ្រើសរើសទីតាំងដែលនៅជិតបំផុត ជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យ ធនាគារ។ បន្ថែមពីនេះទៀត ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារ យើងខ្ញុំនឹងអភិវឌ្ឍនូវមុខងាររបស់ ម៉ាស៊ីនអេធីអឹម ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសំបូរបែប ជូនអតិថិជន និងសាធារណជន ស្របតាមយុគសម័យឌីជីថល។ ”

សម្រាប់ព័ត៌មានបន្ថែម
អំពីការប្រើប្រាស់ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ សម្រាប់សេវាបម្រើអតិថិជន (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ៕