ភ្នំពេញ៖ រថយន្តសេរីទំនើប១គ្រឿង បើកបុកម៉ូតូកូនទា ដែលបើកបរដោយជនបរទេសម្នាក់ ហើយបើកគេចបាត់ តែបានជ្រុះផ្លាកលេខនៅកន្លែងកើតហេតុនោះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ហើយ។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្សារតាប៉ាង ផ្លូវ១៣៦ កែងផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះជាជនបរទេសម្នាក់ ទំនងជាជនជាតិឥណ្ឌា បានបើកម៉ូតូកូនទា(ធូដេ) ពាក់ស្លាកលេខភ្នំពេញ1 GW.0123បើកឆ្លងផ្លូវលេខ៥១ ។ ពេលនោះមានរថយន្តសេរីទំនើប១គ្រឿងទំនងជារថយន្តម៉ាកFord ២បាំង បើកយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៥១ ពីជើងទៅត្បូង បានបុកម៉ូតូកូនទានោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយត្រូវបានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែករថយន្តបង្ក មិនបានឈប់នោះទេ គឺបន្ថែមល្បឿនបើកគេចបាត់ទៅ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត និងបានរកឃើញផ្លាកលេខរថយន្តបង្ក ពាក់ផ្លាកលេខកម្ពុជា.MZT.0818 ដែលបានជ្រុះបន្សល់ទុកនៅកន្លែងកើតហេតុ ។
ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់នេះ សមត្ថកិច្ចបានបញ្ជាក់ថា បើទោះបីរថយន្តបង្កបានបើកគេចខ្លួនទៅបាត់ក៏ដោយ មិនយូរមិនឆាប់កម្លាំងជំនាញនឹងស្រាវជ្រាវរករថយន្តនោះឃើញ យកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាមិនខាន៕